ជនគណនា 24:1-14

ជនគណនា 24:1-14 គខប

លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។ លោក​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម លោក​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌ជាម្ចាស់ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។ កូន​ចៅ​យ៉ាកុប​អើយ ពន្លា​របស់​អ្នក​ស្អាត​ណាស់! កូន​ចៅ​អ៊ីស្រា‌អែល​អើយ ទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ! គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។ ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្ដេច​របស់​គេ​នឹង​មាន​ជ័យ‌ជម្នះ​លើ​ស្ដេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្ត ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ អ្នក​ទាំង​នោះ​ទៀត​ផង។ ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ? អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែល អ្នក​នោះ​នឹង​ទទួល​ពរ អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែល អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។ ពេល​នោះ ព្រះ‌បាទ​បាឡាក់​ក្រេវ‌ក្រោធ​ទាស់​នឹង​លោក​បាឡាម ស្ដេច​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗ ទាំង​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។ ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។ លោក​បាឡាម​ទូល​ស្ដេច​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា “ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ”។ ឥឡូវ​នេះ មុន​ពេល​ទូលបង្គំ​វិល​ទៅ​ជួប‌ជុំ​នឹង​ប្រជា‌ជន​របស់​ទូលបង្គំ​វិញ សូម​ទ្រង់​យាង​មក​ជិត​ទូលបង្គំ ដើម្បី​ទូលបង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។