ជនគណនា 23
23
1លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឲ្យទូលបង្គំផង»។ 2ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។ 3លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលព្រះអម្ចាស់យាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំយ៉ាងណាៗនោះ ទូលបង្គំនឹងនាំយកមកទូលថ្វាយព្រះករុណា»។ លោកបាឡាមក៏ឡើងទៅលើកំពូលភ្នំ។ 4ព្រះជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះអង្គថា៖ «ទូលបង្គំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។ 5ព្រះអម្ចាស់ក៏ប្រាប់លោកបាឡាមអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ 6លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ឈរជាមួយផង។
7លោកបាឡាមក៏ថ្លែងដូចតទៅ៖
«ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម
ស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា:
ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប!
ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល!
8តើឲ្យខ្ញុំដាក់បណ្ដាសាអ្នកដែល
ព្រះជាម្ចាស់មិនដាក់បណ្ដាសាដូចម្ដេចកើត!
តើឲ្យខ្ញុំប្រទេចផ្តាសាអ្នកដែល
ព្រះអម្ចាស់មិនប្រទេចផ្តាសាដូចម្ដេចបាន!
9ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេ
ពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេ
ប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃ
ពួកគេដឹងខ្លួនថា
ពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
10តើនរណាអាចរាប់កូនចៅយ៉ាកុប
ដែលមានចំនួនច្រើនដូចធូលីដី
តើនរណាអាចរាប់ចំនួនអ៊ីស្រាអែល
ដ៏ច្រើនឥតគណនាបាន?
ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ
សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
11ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញលោកមក ដើម្បីឲ្យដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ លោកបែរជាឲ្យពរពួកគេទៅវិញ!»។
12លោកបាឡាមទូលស្ដេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែលព្រះអម្ចាស់ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។ 13ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។
លោកបាឡាមឲ្យពរជនជាតិអ៊ីស្រាអែលសាជាថ្មី
14ស្ដេចនាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីសកា។ នៅទីនោះ ស្ដេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្ដេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។ 15លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។
16 ព្រះអម្ចាស់យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ 17លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ព្រះបាទបាឡាក់សួរលោកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?»។
18លោកបាឡាមក៏ថ្លែងដូចតទៅ៖
បពិត្រព្រះរាជាបាឡាក់
សូមប្រុងប្រៀបព្រះសណ្ដាប់!
បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រ
សូមផ្ទៀងព្រះកាណ៌ស្ដាប់!
19ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ
ព្រះអង្គមិនចេះកុហកឡើយ
ព្រះអង្គក៏មិនចេះប្រែក្រឡាស់
ដូចពូជពង្សរបស់លោកអដាំ ដែរ!
ព្រះអង្គមានព្រះបន្ទូលយ៉ាងណា
ទ្រង់នឹងធ្វើតាមយ៉ាងនោះ។
ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូល
ដែលព្រះអង្គបានថ្លែង។
20ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ
ដើម្បីឲ្យពរប្រជាជននេះ
បើព្រះជាម្ចាស់ឲ្យពរ
នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
21គ្មានគ្រោះកាចណាកើតមានដល់
កូនចៅលោកយ៉ាកុបឡើយ
ហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់
កូនចៅអ៊ីស្រាអែលដែរ។
ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
គង់នៅជាមួយពួកគេ
ពួកគេប្រកាសថា
ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
22ព្រះជាម្ចាស់បាននាំពួកគេចាកចេញ
ពីស្រុកអេស៊ីប
ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
23មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេ
អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។
នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ
ដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុប
និងអ៊ីស្រាអែល។
24មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី
ពួកគេឈរដូចសិង្ហឈ្មោល
ដរាបណាសិង្ហមិនបានចាប់រំពា
ហើយហុតឈាមសត្វដែលវាចាប់បានទេ
វាមិនដេកវិញឡើយ។
25ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ប្រសិនបើលោកមិនដាក់បណ្ដាសាពួកគេទេនោះ ក៏ហីទៅចុះ តែកុំឲ្យពរពួកគេដូច្នេះឡើយ!»។ 26លោកបាឡាមតបថា៖ «ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។
លោកបាឡាមឲ្យពរជនជាតិអ៊ីស្រាអែលជាលើកទីបី
27ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេ»។ 28ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។ 29លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។ 30ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.