ជនជាតិអ៊ីស្រាអែលចាត់អ្នកនាំសារឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ទូលថា៖ «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះករុណាដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ព្រះករុណា»។ ព្រះបាទស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្ដេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែល នៅវាលរហោស្ថាន គឺស្ដេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។ ជនជាតិអ៊ីស្រាអែលបានប្រហារព្រះបាទស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។ ជនជាតិអ៊ីស្រាអែលដណ្ដើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងស្រុកភូមិដែលនៅជុំវិញ។ ក្រុងហែសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្ដេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្ដេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអើណូន។ ហេតុនេះហើយបានជាពួកកវីតែងពោលថា៖ ចូរនាំគ្នាមកហែសបូន! ចូរសង់ក្រុងរបស់ស្ដេចស៊ីហុន ហើយរៀបចំឲ្យដូចដើមឡើងវិញ! ដ្បិតមានភ្លើងមួយចេញពីហែសបូន អណ្ដាតភ្លើងមួយចេញពីក្រុងរបស់ស្ដេចស៊ីហុន ឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់ និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។ ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ អ្នកអន្តរាយហើយ! ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន រត់ខ្ចាត់ខ្ចាយ ហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយ របស់ព្រះបាទស៊ីហុន ជាស្ដេចស្រុកអាម៉ូរី! ពួកយើងបានបាញ់ព្រួញទៅលើពួកគេ យើងបានកម្ទេចស្រុករបស់ពួកគេ ចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូន យើងបានបំផ្លាញស្រុករបស់ពួកគេ រហូតដល់ក្រុងណូផា ដែលនៅជាប់នឹងក្រុងមេឌីបា។ ជនជាតិអ៊ីស្រាអែលនាំគ្នាតាំងទីលំនៅ នៅក្នុងស្រុកអាម៉ូរី។ លោកម៉ូសេបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ើរ ហើយជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកក្រុង និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រាអែល នៅអេទ្រី។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្ដេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។ ជនជាតិអ៊ីស្រាអែលក៏វាយស្ដេចអុក ព្រមទាំងបុត្ររបស់ស្ដេច និងកងទ័ពទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មក ពួកគេកាន់កាប់ស្រុករបស់ស្ដេចនោះ។
អាន ជនគណនា 21
ស្ដាប់នូវ ជនគណនា 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 21:21-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ