ជនគណនា 21:21-35

ជនគណនា 21:21-35 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ទូល​ថា៖ «យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ។ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ធំ រហូត​ដល់​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​ស៊ីហុន​មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទេ តែ​ស្ដេច​ប្រមូល​កង‌ទ័ព​ទាំង​មូល​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន គឺ​ស្ដេច​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​យ៉ាហាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ។ ក្រុង​ហែស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្ដេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អើ‌ណូន។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖ ចូរ​នាំ​គ្នា​មក​ហែស‌បូន! ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុន ហើយ​រៀបចំ​ឲ្យ​ដូច​ដើម​ឡើង​វិញ! ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែស‌បូន អណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុន ឆាប‌ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើ‌ណូន។ ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ! ប្រជា‌ជន​ដែល​ថ្វាយ‌បង្គំ​ព្រះ‌កេម៉ូស​អើយ អ្នក​អន្តរាយ​ហើយ! ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន រត់​ខ្ចាត់‌ខ្ចាយ ហើយ​ប្រគល់​កូន​ស្រី របស់​ខ្លួន​ទៅ​ជា​ឈ្លើយ របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី! ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែស‌បូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌី‌បា។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។ លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ា‌ស៊ើរ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន‌ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។ បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដូរ​ទិស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​របស់​ខ្លួន​ចេញ​មក​វាយ​អ៊ីស្រា‌អែល នៅ​អេទ្រី។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​យើង​ប្រគល់​ស្ដេច​នេះ និង​កង‌ទ័ព​ទាំង​មូល ព្រម​ទាំង​ស្រុក​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហែស‌បូន​ដែរ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​ស្ដេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្ដេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្ដេច​នោះ។