ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «យើងឲ្យអ្នកទទួលខុសត្រូវលើអ្វីៗដែលប្រជាជនញែកទុកសម្រាប់យើង។ យើងប្រគល់តង្វាយនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកម្រៃ សម្រាប់មុខងារដែលយើងបានតែងតាំងអ្នកឲ្យបំពេញ ជារៀងរហូតតទៅ។ ក្នុងបណ្ដាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកថ្វាយយើង មានតង្វាយផ្សេងៗ តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។ ត្រូវបរិភោគរបស់ទាំងនេះនៅក្នុងកន្លែងដ៏សក្ការៈ គឺប្រុសៗទាំងអស់អាចបរិភោគបាន ដ្បិតរបស់ទាំងនោះសុទ្ធតែសក្ការៈសម្រាប់អ្នក។ ចំណែកដែលអ្នកអាចយកបានទៀតនោះ គឺអ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលយកមកលើកថ្វាយ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ ក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។ យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ដែលប្រជាជនយកមកថ្វាយយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។ ផលដំបូងនៃភោគផលដុះចេញពីដី ដែលប្រជាជនយកមកថ្វាយយើង ក៏នឹងបានទៅអ្នកដែរ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ នៅក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។ អ្វីៗដែលជនជាតិអ៊ីស្រាអែលថ្វាយផ្ដាច់ដល់យើង នោះយើងប្រគល់ឲ្យអ្នក។ កូនដំបូងទាំងអស់ដែលប្រជាជនយកមកថ្វាយយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។ ត្រូវឲ្យគេលោះកូនដំបូង ដែលមានអាយុពីមួយខែឡើងទៅ តាមតម្លៃគិតគូររបស់អ្នក គឺប្រាក់ប្រាំណែន គិតតាមទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺម្ភៃកេរ៉ា*។ ប៉ុន្តែ មិនត្រូវឲ្យគេលោះកូនដំបូងរបស់គោ កូនដំបូងរបស់ចៀម និងកូនដំបូងរបស់ពពែឡើយ ដ្បិតសត្វទាំងនោះត្រូវទុកសម្រាប់ថ្វាយយញ្ញបូជា។ ត្រូវយកឈាមរបស់វាប្រោះនៅលើអាសនៈ ហើយដុតខ្លាញ់វាក្នុងភ្លើង ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ រីឯសាច់របស់វា គឺមានសាច់ទ្រូងដែលគេលើកថ្វាយជាតង្វាយ និងសាច់ភ្លៅស្ដាំ ត្រូវបានជាចំណែករបស់អ្នក។ អ្វីៗដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នក ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកនឹងគ្មានទឹកដីជាកេរមត៌កនៅក្នុងស្រុក ហើយក៏គ្មានចំណែកអ្វីរួមជាមួយពួកគេដែរ គឺយើងផ្ទាល់ជាចំណែកមត៌ករបស់អ្នក នៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ យើងប្រគល់មួយភាគដប់នៃភោគផលទាំងអស់ នៅស្រុកអ៊ីស្រាអែល ឲ្យកូនចៅលេវី ទុកជាថ្នូរចំពោះកិច្ចការដែលពួកគេធ្វើ នៅក្នុងពន្លាជួបព្រះអម្ចាស់។ មិនត្រូវឲ្យប្រជាជនអ៊ីស្រាអែលចូលមកជិតពន្លាជួបព្រះអម្ចាស់ទៀតឡើយ ក្រែងលោពួកគេទទួលទោស ហើយត្រូវស្លាប់។ ពួកលេវីដែលបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ នឹងទទួលខុសត្រូវលើកំហុសដែលខ្លួនប្រព្រឹត្ត។ នេះជាច្បាប់ដែលត្រូវណែនាំឲ្យពួកលេវីគ្រប់ជំនាន់ដឹងថា ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។ យើងប្រគល់ភោគផលមួយភាគដប់ ដែលជនជាតិអ៊ីស្រាអែលញែកទុកដោយឡែកសម្រាប់យើង ឲ្យកូនចៅលេវី។ ហេតុនេះហើយបានជាយើងប្រកាសអំពីពួកគេថា: “ពួកគេនឹងមិនទទួលចំណែកមត៌កក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅលេវីដូចតទៅ: “ពេលណាជនជាតិអ៊ីស្រាអែលនាំយកភោគផលមួយភាគដប់មកឲ្យអ្នករាល់គ្នា គឺចំណែកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌កនោះ អ្នករាល់គ្នាត្រូវញែកមួយភាគដប់ពីភោគផលមួយភាគដប់ថ្វាយព្រះអម្ចាស់។ តង្វាយមួយភាគដប់ដែលអ្នករាល់គ្នាញែកទុកដោយឡែកនេះ ត្រូវរាប់ដូចជាតង្វាយដែលបងប្អូនរបស់អ្នករាល់គ្នាញែកទុកពីស្រូវ និងស្រាទំពាំងបាយជូររបស់គេដែរ។ ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអើរ៉ុន។ ភោគផលដែលប្រជាជនយកមកជូនអ្នករាល់គ្នានោះ ត្រូវញែកមួយចំណែកថ្វាយព្រះអម្ចាស់ គឺញែកមួយផ្នែកដ៏ល្អវិសេសជាចំណែកសក្ការៈ”។ ចូរប្រាប់ពួកលេវីថា: ពេលណាអ្នករាល់គ្នាញែកផ្នែកដ៏ល្អវិសេសមួយភាគដប់ហើយ ចំណែកដែលនៅសល់ អ្នករាល់គ្នាត្រូវចាត់ទុកដូចជាស្រូវ និងស្រាទំពាំងបាយជូរ ដែលនៅសល់របស់ប្រជាជនដែរ។ អ្នករាល់គ្នាបរិភោគភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងពន្លាជួបព្រះអម្ចាស់។ ប្រសិនបើអ្នករាល់គ្នាញែកចំណែកដ៏ល្អវិសេសទុកសម្រាប់យើងហើយ អ្នករាល់គ្នានឹងគ្មានបាបនៅពេលបរិភោគចំណែកដែលនៅសល់ អ្នករាល់គ្នាក៏មិនបណ្ដាលឲ្យតង្វាយដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលក្លាយទៅជាសៅហ្មង ហើយអ្នករាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។
អាន ជនគណនា 18
ស្ដាប់នូវ ជនគណនា 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 18:8-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ