ជនគណនា 11
11
ភ្លើងរបស់ព្រះអម្ចាស់
1ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំធ្វើឲ្យទាស់ព្រះហឫទ័យព្រះអម្ចាស់។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះអម្ចាស់ក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។ 2ប្រជាជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូលអង្វរព្រះអម្ចាស់ ហើយភ្លើងក៏ស្ងប់ទៅវិញ។ 3គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ព្រះអម្ចាស់បានឆេះបំផ្លាញពួកគេ។
ប្រជាជនទាមទារសាច់បរិភោគ
4ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រាអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? 5ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់! 6ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។
7 នំម៉ាណាមានភាពដូចជាគ្រាប់ល្ង ស និងមានពណ៌ភ្លឺថ្លា។ 8 ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។ 9ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។
10លោកម៉ូសេបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។ 11លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឲ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឲ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ? 12តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ? 13តើទូលបង្គំទៅរកសាច់ឯណាមកឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ទូលបង្គំ ទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។ 14ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងទេ ព្រោះជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំ។ 15ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ សូមកុំទុកឲ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ»។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។ 17យើងនឹងចុះមកនិយាយជាមួយអ្នក យើងនឹងយកវិញ្ញាណដែលស្ថិតនៅក្នុងអ្នក ទៅដាក់ក្នុងពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេរំលែកបន្ទុក ក្នុងការមើលខុសត្រូវលើប្រជាជនជាមួយអ្នកដែរ កុំឲ្យអ្នកទទួលបន្ទុកនេះតែម្នាក់ឯង។ 18ចូរប្រាប់ប្រជាជនថា “ចូរនាំគ្នាញែកខ្លួនឲ្យវិសុទ្ធ សម្រាប់ថ្ងៃស្អែក ព្រោះអ្នករាល់គ្នានឹងមានសាច់បរិភោគ។ អ្នករាល់គ្នាបានយំសោកដាក់ព្រះអម្ចាស់ថា: តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? នៅស្រុកអេស៊ីបពួកយើងសប្បាយជាង។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ។ 19អ្នករាល់គ្នាមិនបរិភោគសាច់នោះ តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃប៉ុណ្ណោះទេ 20អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ព្រះអង្គ ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។
21លោកម៉ូសេទូលថា៖ «កងទ័ពដែលនៅជាមួយទូលបង្គំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើព្រះអង្គប្រទានសាច់ឲ្យពួកគេបរិភោគ ដល់ទៅមួយខែ ដូចម្ដេចបាន! 22ទោះបីសម្លាប់ហ្វូងចៀម និងហ្វូងគោ ឲ្យពួកគេបរិភោគ ក៏មិនគ្រប់គ្រាន់ ហើយទោះបីទៅបង់ត្រីឲ្យអស់ពីសមុទ្រយកមកឲ្យពួកគេបរិភោគ ក៏នៅតែមិនគ្រប់គ្រាន់ដែរ»។ 23ព្រះអម្ចាស់តបមកលោកម៉ូសេវិញថា៖ «តើដៃរបស់យើងខ្លីពេក មិនអាចធ្វើអ្វីកើតឬ? បន្តិចទៀត អ្នកនឹងឃើញថា ពាក្យដែលយើងនិយាយសម្រេច ឬក៏មិនសម្រេច»។
ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណដល់ព្រឹទ្ធាចារ្យទាំងចិតសិបរូប
24លោកម៉ូសេចាកចេញពីព្រះពន្លា ហើយនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ លោកប្រមូលព្រឹទ្ធាចារ្យចិតសិបរូបពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញពន្លា។ 25ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោក។ ព្រះអង្គយកវិញ្ញាណមួយចំណែកពីលោក ប្រគល់ទៅឲ្យព្រឹទ្ធាចារ្យទាំងចិតសិបរូប។ ពេលព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្ដើមថ្លែងព្រះបន្ទូល តែថ្លែងមិនយូរទេ។
26មានព្រឹទ្ធាចារ្យពីររូប ម្នាក់ឈ្មោះអែលដាដ និងម្នាក់ទៀតឈ្មោះមីដាដ ស្ថិតនៅក្នុងជំរំ ហើយព្រះវិញ្ញាណក៏បានគង់ជាមួយលោកទាំងពីរដែរ។ លោកទាំងពីរមានឈ្មោះក្នុងបញ្ជីព្រឹទ្ធាចារ្យ តែពុំបានទៅពន្លាជួបព្រះអម្ចាស់ទេ លោកទាំងពីរនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។ 27យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖ «លោកអែលដាដ និងមីដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។ 28ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។ 29លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។ 30បន្ទាប់មក លោកម៉ូសេ និងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
សត្វក្រួច
31 ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កម្ពស់ប្រមាណពីរហត្ថ។ 32ក្នុងអំឡុងពេលពេញមួយថ្ងៃមួយយប់នោះ ហើយរហូតដល់ថ្ងៃបន្ទាប់ ប្រជាជននាំគ្នាក្រោកឡើង រើសសត្វក្រួច។ ម្នាក់ៗរើសបានយ៉ាងហោចណាស់ដប់បាវ។ ពួកគេហាលសាច់ក្រួចនោះនៅជុំវិញជំរំ។ 33ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់ទំពាស្រួលបួលផងនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជាជន ព្រះអង្គប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។ 34គេបានដាក់ឈ្មោះកន្លែងនោះ ថាគីប្រូត-ហាតាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។
35បន្ទាប់មក ប្រជាជនចេញដំណើរពីគីប្រូត-ហាតាវ៉ាឆ្ពោះទៅកាន់ហាសិរ៉ូត ហើយបោះជំរំនៅទីនោះ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 11: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.