នេហេមា 9:1-25

នេហេមា 9:1-25 គខប

នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។ អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។ បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។ បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។ «បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើង ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះអង្គ ជា​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន! មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ព្រះអង្គ​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ព្រះអង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម និង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេ ហើយ​ព្រះអង្គ​ប្រទាន​នាម​លោក​ថា​អប្រាហាំ។ ព្រះអង្គ​ឈ្វេង​យល់​លោក​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ព្រះអង្គ​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ី ឲ្យ​ពូជ‌ពង្ស​របស់​លោក។ ព្រះអង្គ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​សន្យា ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត។ ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ឮ​សម្រែក​របស់​ពួក​គេ នៅ​ក្បែរ​សមុទ្រ​កក់។ ព្រះអង្គ​បាន​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ ប្រឆាំង​នឹង​ស្ដេច​ផារ៉ោន ព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​ព្រះអង្គ​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាច ធ្វើ​បាប​បុព្វបុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះអង្គ ល្បី‌ល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ប៉ុន្តែ ព្រះអង្គ​បាន​ទម្លាក់​អស់​អ្នក​ដែល ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅ ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ព្រះអង្គ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។ ព្រះអង្គ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​លើ​មេឃ មក​ពួក​គេ ហើយ​ប្រទាន​វិន័យ​ដ៏​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ*​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗ មក​ឲ្យ​ពួក​គេ។ ព្រះអង្គ​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​សប្ប័ទ*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ក្រឹត្យ‌វិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ព្រះអង្គ​ប្រទាន អាហារ​ពី​លើ​មេឃ​មក​ឲ្យ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​ស្រេក​ទឹក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ ព្រះអង្គ​បញ្ជា​ពួក​គេ​ឲ្យ​ចូល ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ។ ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។ ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដែល​តែងតែ​អត់‌ទោស ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ និង​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។ ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយ ទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!” ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថ ព្រះអង្គ​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ព្រះអង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។ ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ របស់​ព្រះអង្គ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ ព្រះអង្គ​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថាន ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹល ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។ ព្រះអង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរ និង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង មក​ឲ្យ​ពួក​គេ​កាន់​កាប់។ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះអង្គ​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ព្រះអង្គ​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។ កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ព្រះអង្គ​បាន​បង្ក្រាប​ជន‌ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ព្រះអង្គ​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។ ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ និង​ទឹក​ដី​ដែល​មាន​ជី‌ជាតិ​ល្អ។ ពួក​គេ​ចាប់​យក​បាន​ផ្ទះ ដែល​មាន​ពេញ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ព្រម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ‌ជូរ ចម្ការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ យ៉ាង​ច្រើន​បរិបូណ៌។ ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាម ហើយ​រស់​នៅ​យ៉ាង​សប្បាយ ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង របស់​ព្រះអង្គ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ