លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរវិន័យរបស់លោកម៉ូសេ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ប្រទានមកឲ្យជនជាតិអ៊ីស្រាអែលកាន់តាម។ លោកបូជាចារ្យអែសរ៉ាក៏យកក្រឹត្យវិន័យមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយនៃខែទីប្រាំពីរ។ តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគម្ពីរវិន័យនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គា ឲ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុស ទាំងស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានក្រឹត្យវិន័យ។ លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្ដាំដៃរបស់លោក ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការី និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ ឱនមុខដល់ដី។ លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារា លោកយ៉ូសាបាដ លោកហាណាន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយក្រឹត្យវិន័យពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។ ពួកគេអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ៗ ព្រមទាំងបកស្រាយអត្ថន័យនៃសេចក្ដី ដែលពួកគេអាននោះឲ្យប្រជាជនយល់។ ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងក្រឹត្យវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយក្រឹត្យវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។ ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។ ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឲ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឲ្យស្ដាប់។ នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីព្រះបន្ទូលដែលមានចែងទុកក្នុងក្រឹត្យវិន័យ។ ពួកគេឃើញក្នុងក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេមានចែងថា នៅក្នុងឱកាសពិធីបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំ*។ ពួកគេត្រូវប្រាប់ដំណឹងនេះឲ្យប្រជាជនទាំងអស់ដឹងនៅតាមក្រុងនានា និងនៅក្រុងយេរូសាឡឹម គឺពួកគេប្រកាសថា “ចូរនាំគ្នាទៅតាមភ្នំ ហើយកាច់មែកអូលីវស្រុក អូលីវព្រៃ មែកចាក មែកទន្សែ និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន យកមកសង់បារាំដូចមានចែងទុក”។ ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់បារាំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់បារាំ នៅទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអិម។ សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់បារាំ រួចស្នាក់នៅក្នុងបារាំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយបុណ្យ គេអានព្រះបន្ទូលនៅក្នុងគម្ពីរវិន័យរបស់ព្រះជាម្ចាស់។ គេប្រារព្ធពិធីបុណ្យអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបីគេធ្វើបុណ្យយ៉ាងឱឡារិក ស្របតាមវិន័យដែលមានចែងទុក។
អាន នេហេមា 8
ស្ដាប់នូវ នេហេមា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 8:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ