នេហេមា 5
5
លោកនេហេមារកយុត្តិធម៌ឲ្យប្រជាជនដែលត្រូវអ្នកធំជិះជាន់
1នៅពេលនោះ មានប្រជាជនយូដាទាំងប្រុស ទាំងស្រី នាំគ្នារអ៊ូរទាំទាស់នឹងបងប្អូនរួមជាតិរបស់ខ្លួនមួយចំនួន។ 2អ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់ យើងខ្ញុំចង់បានស្រូវមកទទួលទាន ដើម្បីចិញ្ចឹមជីវិត»។ 3អ្នកខ្លះពោលថា៖ «នៅពេលអត់ឃ្លាន យើងខ្ញុំបញ្ចាំដីស្រែចម្ការទំពាំងបាយជូរ និងផ្ទះសំបែង»។ 4អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចម្ការទំពាំងបាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្ដេច។ 5សាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅឲ្យគេ ព្រោះយើងខ្ញុំទាល់ច្រក។ រីឯដីស្រែ និងចម្ការទំពាំងបាយជូររបស់យើងខ្ញុំ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរ»។
6ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។ 7 ខ្ញុំក៏សម្រេចចិត្តស្ដីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកឲ្យប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។ 8ខ្ញុំពោលទៅកាន់ពួកគេថា៖ «យើងតែងតែរកគ្រប់មធ្យោបាយ ដើម្បីលោះជនរួមជាតិរបស់យើង ដែលត្រូវគេលក់ទៅឲ្យសាសន៍ដទៃ។ ចំណែកឯអស់លោកវិញ អស់លោកបែរជាយកបងប្អូនរួមជាតិរបស់ខ្លួនទៅលក់ឲ្យជនជាតិយូដាដូចគ្នា!»។ ពួកគេនៅស្ងៀមទាំងអស់គ្នា រកពាក្យឆ្លើយមិនបានឡើយ។ 9ខ្ញុំក៏ពោលទៀតថា៖ «អស់លោកប្រព្រឹត្តបែបនេះមិនល្អទេ! អស់លោកគួរតែរស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើង ដើម្បីកុំឲ្យសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបាន។ 10ចំពោះរូបខ្ញុំផ្ទាល់ ព្រមទាំងបងប្អូន និងអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវ ទៅពួកគេខ្ចីដែរ។ ដូច្នេះ យើងមិនត្រូវទារបំណុលពីពួកគេឡើយ។ 11ចូរប្រគល់ដីស្រែចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះរបស់គេឲ្យគេវិញនៅថ្ងៃនេះទៅ ហើយក៏កុំទារប្រាក់ ស្រូវ ស្រា និងប្រេង ដែលអស់លោកចាត់ទុកជាការនោះដែរ»។ 12អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។
ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួន។ 13បន្ទាប់មក ខ្ញុំរលាស់ហោប៉ៅអាវធំរបស់ខ្ញុំ ទាំងពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសម្ដីរបស់ខ្លួនទេ សូមព្រះជាម្ចាស់រលាស់អ្នកនោះដូច្នេះដែរ។ សូមឲ្យគេបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ សូមកុំឲ្យគេនៅសល់អ្វីសោះឡើយ!»។ អង្គប្រជុំទាំងមូលឆ្លើយថា “អាម៉ែន!” រួចគេនាំគ្នាលើកតម្កើងព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនធ្វើតាមពាក្យដែលខ្លួនបានសន្យា។
14ចាប់ពីពេលដែលព្រះរាជាបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។ 15ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់។ 16លើសពីនោះ ខ្ញុំយកចិត្តទុកដាក់ជួសជុលកំពែងក្រុង។ មួយវិញទៀត ខ្ញុំពុំបានឆ្លៀតឱកាសទិញដីស្រែចម្ការណាឡើយ រីឯពួកសហការីដែលជួសជុលកំពែងរួមជាមួយខ្ញុំ ក៏ធ្វើដូចខ្ញុំដែរ។ 17អស់អ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។ 18រៀងរាល់ថ្ងៃ គេតែងសម្លាប់គោមួយ ចៀមដ៏ល្អៗចំនួនប្រាំមួយ ព្រមទាំងសត្វស្លាបឯទៀតៗ ហើយដប់ថ្ងៃម្ដង គេយកស្រាទំពាំងបាយជូរដ៏ច្រើនមកឲ្យខ្ញុំដែរ។ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ទាមទារឲ្យប្រជាជនបង់ប្រាក់សម្រាប់ការចាយវាយទាំងនេះទេ ដ្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅហើយ។
19«ឱព្រះនៃទូលបង្គំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ សូមមេត្តាសន្ដោសដល់ទូលបង្គំផង»។
ទើបបានជ្រើសរើសហើយ៖
នេហេមា 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.