ម៉ាកុស 9:30-50

ម៉ាកុស 9:30-50 គខប

ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ជា​មួយ​ពួក​សិស្ស* កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ដឹង​ឡើយ។ ព្រះអង្គ​បង្រៀន​ពួក​សិស្ស​ឲ្យ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​ធ្វើ​គុត​ព្រះអង្គ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​ពី​គេ​ធ្វើ​គុត ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។ ព្រះ‌យេស៊ូ និង​ពួក​សិស្ស* ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាពើ‌ណិម។ កាល​ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «ពេល​ដើរ​តាម​ផ្លូវ អ្នក​រាល់​គ្នា​និយាយ​អំពី​រឿង​អ្វី?»។ ពួក​សិស្ស​នៅ​ស្ងៀម ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។ ព្រះ‌យេស៊ូ​គង់​ចុះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។ បន្ទាប់​មក ព្រះអង្គ​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស។ ព្រះអង្គ​ឱប​ក្មេង​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គេ ព្រោះ​គេ​មិន​មក​តាម​យើង​ខ្ញុំ​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​និយាយ​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង អ្នក​នោះ​ជា​គ្នា​យើង​ហើយ។ ម្យ៉ាង​ទៀត បើ​អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា ក្នុង​នាម​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ព្រះ‌គ្រិស្ត* ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។ «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។ ប្រសិន​បើ​ដៃ​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង ប្រសើរ​ជាង​មាន​ដៃ​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរក ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ ប្រសិន​បើ​ជើង​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ជើង​មួយ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។ ប្រសិន​បើ​ភ្នែក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់ ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។ អំបិល​ជា​របស់​មួយ​សំខាន់​ណាស់ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​ឡើង​វិញ​បាន?

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ