ពួកសាវ័ក*វិលត្រឡប់មកគាល់ព្រះយេស៊ូវិញ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសិស្ស* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្តិចសិន»។ ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសិស្ស ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។ កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ ពេលនោះ ថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង* ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។ ព្រះយេស៊ូបង្គាប់ពួកសិស្សឲ្យប្រាប់បណ្ដាជន អង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។ អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ ពួកសិស្ស*ប្រមូលនំប៉័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ ក្នុងចំណោមអ្នកដែលបរិភោគនំប៉័ង មានប្រុសៗចំនួនប្រាំពាន់នាក់។
អាន ម៉ាកុស 6
ស្ដាប់នូវ ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:30-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ