ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសិស្ស*ក៏ទៅតាមព្រះអង្គដែរ។ លុះដល់ថ្ងៃសប្ប័ទ* ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា? តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យជាប៉ុណ្ណោះ។ ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។ ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយទ្រង់បង្រៀនអ្នកស្រុក។ ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ផង។ ព្រះអង្គផ្ដែផ្ដាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ពួកសិស្សក៏ចេញទៅ ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត។ គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេជាសះស្បើយ។ ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្តិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ អ្នកខ្លះថា៖ «លោកជាព្យាការីអេលីយ៉ា» ហើយខ្លះទៀតថា៖ «លោកជាព្យាការី*ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ស្ដេចមានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។ ព្រះបាទហេរ៉ូដបានបញ្ជាឲ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្ដេចជឿតាមព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត* និងជាអ្នកដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។ មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ស្ដេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌាស។ បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឲ្យស្ដេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។ បន្ទាប់មក ស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។ ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះព្រះអង្គបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ស្ដេចបញ្ជាទាហានម្នាក់ឲ្យទៅយកក្បាលលោកយ៉ូហានមកភ្លាម។ ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយ មកប្រគល់ឲ្យនាង ហើយនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
អាន ម៉ាកុស 6
ស្ដាប់នូវ ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:1-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ