ម៉ាកុស 6:1-29

ម៉ាកុស 6:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ ហើយ​ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​មក​ពី​ណា? តើ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ​អស្ចារ្យ​ដែល​កើត​ឡើង​ដោយ​ដៃ​គាត់ អី​ក៏​អស្ចារ្យ​ម៉្លេះ! តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន ហើយ​ប្អូន​ស្រី​គាត់​ទាំង​ប៉ុន្មាន តើ​មិន​នៅ​ទី​នេះ​ជា​មួយ​យើង​ទេ​ឬ?» អ្នក​ទាំង​នោះ​ក៏​ទាស់​ចិត្ត​នឹង​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​នោះ​ទេ លើក​លែង​តែ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ក្នុង​ចំណោម​ញាតិ‌សន្តាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ»។ នៅ​ទី​នោះ ព្រះ‌អង្គ​ពុំ​អាច​ធ្វើ​ការ​អស្ចារ្យ​បាន​ទេ ព្រះ‌អង្គ​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​អ្នក​ជំងឺ​ខ្លះ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ។ ព្រះ‌អង្គ​នឹក​ឆ្ងល់​នឹង​ដំណើរ​ដែល​គេ​មិន​ជឿ ហើយ​បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ទៅ​បង្រៀន​តាម​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ព្រះ‌អង្គ​ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់។ ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​យក​អ្វី​សម្រាប់​តាម​ផ្លូវ​ឡើយ លើក​លែង​តែ​ដំបង​មួយ​ប៉ុណ្ណោះ គឺ​មិន​ឲ្យ​យក​នំបុ័ង ថង់​យាម ឬ​យក​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទៅ​ជា​មួយ​ឡើយ គឺ​ពាក់​បាន​តែ​ស្បែក​ជើង ហើយ​មិន​ត្រូវ​ពាក់​អាវ​ពីរ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ បើ​កន្លែង​ណា​ដែល​គេ​មិន​ទទួល ហើយ​មិន​ព្រម​ស្តាប់​អ្នក​រាល់​គ្នា នោះ​ពេល​អ្នក​រាល់​គ្នា​ដើរ​ចេញ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ។ [ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ងាយ​ទ្រាំ​ជា​ជាង​ក្រុង​នោះ]»។ ដូច្នេះ ពួក​សិស្ស​ក៏​ចេញ​ទៅ ហើយ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត គេ​ដេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​ជា​ច្រើន ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា។ ដំណឹង​នោះ​ក៏​ឮ​ដល់​ព្រះ‌បាទ​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ​បាន​ឮ​ល្បី​សុស‌សាយ។ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។ ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អេលី‌យ៉ា» ខ្លះ​ទៀត​ថា៖ «ជា​ហោរា ដូច​ជា​ហោរា​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ ប៉ុន្តែ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ»។ ដ្បិត​គឺ​ព្រះ‌បាទ​ហេរ៉ូឌ​នេះ​ហើយ ដែល​បាន​បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន ហើយ​យក​លោក​ទៅ​ដាក់​គុក ដោយ​ព្រោះ​តែ​ព្រះ​នាង​ហេរ៉ូ‌ឌាស ជា​មហេសី​របស់​ភីលីព ជា​អនុជ ព្រោះ​ព្រះ‌បាទ​ហេរ៉ូឌ​បាន​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​ខ្លួន ហើយ​លោក​យ៉ូហាន​បាន​ទូល​ព្រះ‌បាទ​ហេរ៉ូឌ​ថា៖ «ព្រះ‌ករុណា​គ្មាន​ច្បាប់​នឹង​យក​មហេសី​របស់​អនុជ​ទ្រង់​ទេ»។ ឯ​ព្រះនាង​ហេរ៉ូ‌ឌាស​ក៏​ចង​គំនុំ ហើយ​ចង់​សម្លាប់​លោក តែ​ព្រះនាង​ពុំ​អាច​ធ្វើ​កើត ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ដូច្នេះ ទ្រង់​ក៏​ការ‌ពារ​លោក។ កាល​ទ្រង់​បាន​ស្តាប់​លោក ទ្រង់​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ ទ្រង់​បាន​ស្តាប់​លោក​ដោយ​អំណរ។ លុះ​ឱកាស​ល្អ​មួយ​មក​ដល់ ជា​ថ្ងៃ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ទ្រង់​បាន​រៀប​ពិធី​ជប់​លៀង​ឲ្យ​ពួក​នាម៉ឺន​មន្ត្រី ពួក​មេ​ទ័ព និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ។ ពេល​បុត្រី​របស់​ព្រះ​នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ នាង​ធ្វើ​ឲ្យ​ព្រះ​បាទ​ហេរ៉ូឌ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ពេញ​ចិត្ត​ជា​ខ្លាំង។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «នាង​ចង់​បាន​អ្វី ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។ ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វី​ក៏​ដោយ​ដែល​នាង​សូម​ពី​យើង យើង​នឹង​ឲ្យ​នាង សូម្បី​តែ​នគរ​របស់​យើង​មួយ​ចំហៀង​ក៏​ដោយ»។ នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?» មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន-បាទីស្ទ»។ នាង​ក៏​ប្រញាប់​ប្រញាល់​ចូល​ទៅ​គាល់​ស្តេច​ភ្លាម ហើយ​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ក្បាល​របស់​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​ឥឡូវ​នេះ!» ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​យ៉ាង​ខ្លាំង តែ​ដោយ​ព្រោះ​សម្បថ​របស់​ព្រះ‌អង្គ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ទ្រង់​ក៏​មិន​ចង់​ប្រ‌កែក​នឹង​នាង។ ស្តេច​ក៏​ចាត់​ពេជ្ឈ‌ឃាដ​ម្នាក់​ទៅ​ភា្លម ដោយ​បញ្ជា​ឲ្យ​យក​ក្បាល​លោក​យ៉ូហាន​មក។ អ្នក​នោះ​ក៏​ចេញ​ទៅ ហើយ​កាត់​ក្បាល​លោក​នៅ​ក្នុង​គុក ដាក់​លើ​ថាស យក​មក​ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។ កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ​ដំណឹង​នេះ គេ​ក៏​នាំ​គ្នា​ចូល​មក​យក​សព​របស់​លោក ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ ពួក​សិស្ស*​ក៏​ទៅ​តាម​ព្រះអង្គ​ដែរ។ លុះ​ដល់​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ​មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ​កើត​ឡើង​ដោយ​វិធី​ណា? តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បងប្អូន​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។ នៅ​ទី​នោះ ព្រះអង្គ​ពុំ​អាច​ធ្វើ​ការ‌អស្ចារ្យ​អ្វី​ឡើយ បាន​ត្រឹម​តែ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​ឲ្យ​ជា​ប៉ុណ្ណោះ។ ព្រះអង្គ​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក។ ពេល​នោះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់​ផង។ ព្រះអង្គ​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយ​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ បើ​នៅ​កន្លែង​ណា​គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។ ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ត​គំនិត។ គេ​បាន​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​ឲ្យ​គេ​ជា​សះ‌ស្បើយ។ ព្រះ‌បាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។ អ្នក​ខ្លះ​ថា៖ «លោក​ជា​ព្យាការី​អេលីយ៉ា» ហើយ​ខ្លះ​ទៀត​ថា៖ «លោក​ជា​ព្យាការី*​ម្នាក់​ដូច​ព្យាការី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ រីឯ​ព្រះ‌បាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។ ព្រះ‌បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្ដេច​ជឿ​តាម​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះអង្គ​យក​មក​ធ្វើ​ជា​មហេសី។ លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។ ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ស្ដេច​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេច​ការពារ​លោក។ កាល​ស្ដេច​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង តែ​ស្ដេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។ មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌាស។ បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។ បន្ទាប់មក ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ!»។ នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។ ស្ដេច​ព្រួយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ព្រះអង្គ​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។ ស្ដេច​បញ្ជា​ទាហាន​ម្នាក់​ឲ្យ​ទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។ ទាហាន​ទៅ​គុក​កាត់ ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយ មក​ប្រគល់​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។ កាល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​ទ្រង់​វិញ ហើយ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ដល់​ថ្ងៃ​ឈប់​សំរាក ទ្រង់​ចាប់​តាំង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​ស្តាប់​ទ្រង់ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ថា អ្នក​នេះ​បាន​សេចក្ដី​ទាំង​នេះ​ពី​ណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​យ៉ាង​នេះ​កើត​មក ដោយ‌សារ​ដៃ​គាត់​ដូច្នេះ តើ​គាត់​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស នឹង​ស៊ីម៉ូន​ទេ​ឬ​អី ហើយ​ប្អូន​ស្រី​គាត់ តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទៅ​ទី​នេះ​ទេ​ឬ​អី អ្នក​ទាំង​នោះ​ក៏​អាក់‌អន់​ចិត្ត​នឹង​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ‌សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ នៅ​ទី​នោះ​ទ្រង់​ពុំ​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ទេ ទ្រង់​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​មនុស្ស​ពិការ​ខ្លះ ឲ្យ​បាន​ជា​ប៉ុណ្ណោះ ទ្រង់​ក៏​អស្ចារ្យ​ពី​ដំណើរ​ដែល​គេ​មិន​ជឿ រួច​ទ្រង់​យាង​ទៅ​បង្រៀន​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​ទៅ។ ទ្រង់​ហៅ​ពួក​១២​នាក់​មក ចាប់​តាំង​ចាត់​ឲ្យ​គេ​ទៅ​២​នាក់ៗ ទ្រង់​ប្រទាន​ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្ស‌អសោចិ៍​ផង ក៏​ហាម​មិន​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​សោះ លើក​តែ​ដំបង​១​ប៉ុណ្ណោះ ឥត​យក​យាម នំបុ័ង ឬ​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទេ ពាក់​បាន​តែ​ស្បែក​ជើង​សង្រែក ឥត​ពាក់​អាវ​២​ឡើយ រួច​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ឲ្យ​នៅ​ផ្ទះ​នោះ​ទាល់​តែ​ដើរ​ចេញ​ហួស​ទៅ ឯ​អស់​អ្នក​ណា​ដែល​មិន​ទទួល ឬ​ស្តាប់​អ្នក​រាល់​គ្នា នោះ​កាល​ណា​ដើរ​ចេញ​ពី​ទី​នោះ ត្រូវ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម ហើយ​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង ក៏​បណ្តេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ។ ដំណឹង​នោះ​ក៏​ឮ​ដល់​ស្តេច​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​ទ្រង់​កាន់​តែ​ល្បី​សុស‌សាយ​ទៅ ហើយ​ស្តេច​មាន​បន្ទូល​ថា ច្បាស់​ជា​យ៉ូហាន-បាទីស្ទ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​សំដែង​មក ដោយ‌សារ​គាត់​ដូច្នេះ តែ​អ្នក​ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា ឬ​ដូច​ជា​ហោរា​ណា​មួយ ប៉ុន្តែ​កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​បន្ទូល​ថា នោះ​គឺ​ជា​យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល​ទេ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ ដ្បិត​គឺ​ស្តេច​ហេរ៉ូឌ​នេះ​ឯង ដែល​បាន​ប្រើ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​ភីលីព អនុជ​ទ្រង់ ព្រោះ​ស្តេច​បាន​យក​នាង​នោះ​មក​ធ្វើ​ជា​ភរិយា​របស់​ខ្លួន​វិញ ហើយ​លោក​យ៉ូហាន​បាន​ទូល​ទាស់​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ភរិយា​របស់​អនុជ​ទ្រង់​ទេ ឯ​នាង​ហេរ៉ូ‌ឌាស ក៏​ចង​គំនុំ​ចង់​សំឡាប់​លោក តែ​មិន​បាន​ឱកាស​សោះ ព្រោះ​ស្តេច​ហេរ៉ូឌ​កោត‌ខ្លាច​លោក​យ៉ូហាន ដោយ​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ទ្រង់​ក៏​ការ‌ពារ​ទុក​វិញ កាល​ទ្រង់​បាន​ស្តាប់​លោក នោះ​ក៏​មាន​ព្រះ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ​បាន​ស្តាប់​លោក​ដោយ​អំណរ លុះ​ថ្ងៃ​១​ជា​ថ្ងៃ​មាន​ឱកាស​ស្រួល គឺ​ថ្ងៃ​ចំរើន​ព្រះ‌ជន្ម​ស្តេច​ហេរ៉ូឌ កាល​ទ្រង់​រៀប​ជប់‌លៀង​ពួក​មន្ត្រី ពួក​មេ​ទ័ព​ធំ នឹង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ នោះ​កូន​ស្រី​របស់​ហេរ៉ូ‌ឌាស​បាន​ចូល​មក​រាំ ជា​ទី​នាំ​ឲ្យ​គាប់​ព្រះ‌ទ័យ​ដល់​ស្តេច​ហេរ៉ូឌ នឹង​ពួក​ភ្ញៀវ​ណាស់ ទ្រង់​ក៏​មាន​បន្ទូល​ថា របស់​អ្វី​ដែល​នាង​ចង់​បាន ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ ទ្រង់​ក៏​ស្បថ​នឹង​នាង​ទៀត​ថា របស់​អ្វី​ក៏​ដោយ​ដែល​នាង​សូម នោះ​យើង​នឹង​ឲ្យ​ដោយ​ពិត ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ម្ចាស់​សូម​អ្វី មាតា​ឆ្លើយ​ថា ឲ្យ​សូម​ក្បាល​យ៉ូហាន-បាទីស្ទ​វិញ រួច​នាង​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ឯ​ស្តេច​ភ្លាម ទូល​ថា ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឥឡូវ​នេះ ពាក្យ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ​ព្រួយ​ខ្លាំង​ណាស់ តែ​ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​មិន​ប្រកែក​ឡើយ ទ្រង់​ចាត់​ពេជ្ឃ‌ឃាត​ម្នាក់​ទៅ​ភ្លាម ដោយ​បង្គាប់​ឲ្យ​ទៅ​យក​ក្បាល​លោក​មក អ្នក​នោះ​ក៏​ទៅ​កាត់​ក្បាល​លោក​នៅ​ក្នុង​គុក ដាក់​លើ​ថាស​មក​ជូន​នាង នាង​ក៏​ថ្វាយ​ដល់​មាតា កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ នោះ​គេ​មក​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 6