បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងត្រូវលេចមកឲ្យមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឲ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវ នៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មកក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស*។ នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។
អាន ម៉ាកុស 4
ស្ដាប់នូវ ម៉ាកុស 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 4:21-41
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ