ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ ព្រះយេស៊ូបែរព្រះភ័ក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស*។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។ ម្យ៉ាងទៀត ពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។ បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គតែងតាំងសាវ័កដប់ពីររូបឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ ទាំងឲ្យគេមានអំណាចដេញអារក្សថែមទៀតផង។ ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលព្រះអង្គដាក់ឈ្មោះថា ពេត្រុស យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់” អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះអង្គ និងពួកសិស្ស*រកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។
អាន ម៉ាកុស 3
ស្ដាប់នូវ ម៉ាកុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 3:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ