លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ ព្រលឹមឡើងថ្ងៃអាទិត្យ នាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។ ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។ ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ នាងចូលទៅក្នុងផ្នូរ ឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។ អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះសពព្រះអង្គ។ ចូរនាងទៅប្រាប់សិស្សរបស់ព្រះអង្គ ព្រមទាំងលោកពេត្រុសផងថា “ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូលទុកស្រាប់”»។ ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។ បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គឲ្យសិស្ស*ពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្ស*ឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។ នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ*ដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងជាសះស្បើយ»។ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ* ឲ្យគង់នៅខាងស្ដាំព្រះអង្គ។ ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្គាល់ផ្សេងៗជាប់ជាមួយផង។]
អាន ម៉ាកុស 16
ស្ដាប់នូវ ម៉ាកុស 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 16:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ