គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់» ។] មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ និងពួកអាចារ្យ* ក៏និយាយគ្នាចំអកឲ្យព្រះអង្គដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ!។ សូមព្រះគ្រិស្ត ជាស្ដេចអ៊ីស្រាអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។ នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ នាយទាហានរ៉ូម៉ាំងដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។ ថ្ងៃនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ*។ លុះដល់ល្ងាច លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេមកដល់ លោកជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់* ហើយលោកក៏រង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
អាន ម៉ាកុស 15
ស្ដាប់នូវ ម៉ាកុស 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 15:27-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ