ម៉ាកុស 15:24-41

ម៉ាកុស 15:24-41 គខប

គេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ គេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា«ស្ដេច​ជន‌ជាតិ​យូដា»។ គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ [ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់» ។] មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ រីឯ​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ* ក៏​និយាយ​គ្នា​ចំអក​ឲ្យ​ព្រះអង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ!។ សូម​ព្រះ‌គ្រិស្ត ជា​ស្ដេច​អ៊ីស្រា‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែនដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។ នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ?» ។ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលីយ៉ា!»។ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលីយ៉ា​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ ឃើញ​ព្រះអង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ មាន​ស្ត្រីៗ​ខ្លះ​ទៀត​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។ ស្ត្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បម្រើ​ព្រះអង្គ​តាំង​ពី​ព្រះអង្គ​នៅ​ស្រុក​កាលី‌ឡេ​ម៉្លេះ។ មាន​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះអង្គ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 15:24-41

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ