ម៉ាកុស 15:24-41

ម៉ាកុស 15:24-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ គេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា«ស្ដេច​ជន‌ជាតិ​យូដា»។ គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ [ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់» ។] មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ រីឯ​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ* ក៏​និយាយ​គ្នា​ចំអក​ឲ្យ​ព្រះអង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ!។ សូម​ព្រះ‌គ្រិស្ត ជា​ស្ដេច​អ៊ីស្រា‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែនដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។ នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ?» ។ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលីយ៉ា!»។ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលីយ៉ា​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ ឃើញ​ព្រះអង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ មាន​ស្ត្រីៗ​ខ្លះ​ទៀត​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។ ស្ត្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បម្រើ​ព្រះអង្គ​តាំង​ពី​ព្រះអង្គ​នៅ​ស្រុក​កាលី‌ឡេ​ម៉្លេះ។ មាន​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះអង្គ​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:24-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ក៏​ឆ្កាង​ព្រះ‌អង្គ ហើយ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អ្វី។ គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក។ គេ​សរសេរ​ប្រកាស​កាត់​ទោស​ព្រះ‌អង្គ​ថា «ស្តេច​សាសន៍​យូដា»។ គេ​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ ម្នាក់​នៅ​ខាង​ស្តាំ ម្នាក់​នៅ​ខាង​ឆ្វេង។ [ដូច្នេះ​ក៏​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «គេ​បាន​រាប់​បញ្ចូល​ព្រះ‌អង្គ​ជា​មួយ​ពួក​ទទឹង​ច្បាប់» ។] ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «គាត់​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ សូម​ព្រះ‌គ្រីស្ទ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង!» អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ គេ​ក៏​ម្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល រហូត​ដល់​ម៉ោង​បី​រសៀល។ នៅ​វេលា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡា‌ម៉ា សាបាច់‌ថានី ដែល​ប្រែ​ថា ឱ​ព្រះ​នៃ​ទូល​បង្គំ ព្រះ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល​បង្គំ​ចោល​ដូច្នេះ? » ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ពាក្យ​នេះ គេ​ពោល​ថា៖ «ស្តាប់​មើល៍! គាត់​ហៅ​រក​លោក​អេលី‌យ៉ា​ហើយ!»។ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ ដោយ​ពោល​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ តើ​លោក​អេលី‌យ៉ា​ចុះ​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?» ព្រះ‌យេស៊ូវ​ក៏​ស្រែក​យ៉ាង​ខ្លាំង រួច​ផុត​ដង្ហើម​ទៅ។ ពេល​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ កាល​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​ព្រះ‌អង្គ ឃើញ​ព្រះ‌អង្គ[​ស្រែក​ឡើង] ហើយ​ផុត​ដង្ហើម​ទៅ​ដូច្នេះ ក៏​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន!» មាន​ស្ត្រី​ខ្លះ​ឈរ​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា​ជា​ម្ដាយ​យ៉ាកុប​តូច និង​ជា​ម្ដាយ​យ៉ូសេ ព្រម​ទាំង​នាង​សាឡូមេ​ដែរ។ ស្ត្រី​ទាំង​នោះ​ធ្លាប់​តាម​បម្រើ​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​គង់​នៅ​ស្រុក​កា​លីឡេ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:24-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ឆ្កាង​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ជា​អ្នក​ណា​ត្រូវ​បាន​អ្វី ពេល​ដែល​គេ​ឆ្កាង​ទ្រង់ គឺ​ជា​ពេល​ម៉ោង​៩​ព្រឹក គេ​សរសេរ​ប្រកាស​កត់​ទោស​ទ្រង់​ថា «នេះ​ស្តេច​សាសន៍​យូដា» ហើយ​ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់ ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង នោះ​បាន​សំរេច​តាម​បទ​គម្ពីរ​ដែល​ថា «គេ​បាន​រាប់​ទ្រង់​ជា​ពួក​អ្នក​ទទឹង​ច្បាប់»។ ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ ឥឡូវ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ដោយ​ចុះ​ពី​ឈើ​ឆ្កាង​មក ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វា​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ឯ​ទៀត​បាន តែ​ពុំ​អាច​នឹង​សង្គ្រោះ​ចំពោះ​ខ្លួន​ឯង​បាន​ទេ ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។ ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ​ឧទាន​ជា​ខ្លាំង​ថា អេឡយៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ រួច​ម្នាក់​រត់​ទៅ​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។ រួច​ព្រះ‌យេស៊ូវ ទ្រង់​ស្រែក​ជា​ខ្លាំង ហើយ​ក៏​ផុត​ដង្ហើម​ទៅ គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ដល់​ក្រោម ឯ​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​នឹង​ទ្រង់ គាត់​ឃើញ​ថា ទ្រង់​ស្រែក​ឡើង ហើយ​ផុត​ដង្ហើម​ទៅ​យ៉ាង​ដូច្នោះ ក៏​និយាយ​ថា មនុស្ស​នេះ​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​តាម​បំរើ​ព្រះ‌យេស៊ូវ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ គេ​ឈរ​មើល​ពី​ចំងាយ ក្នុង​ពួក​ស្ត្រី​ទាំង​នោះ គឺ​ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ នឹង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច នឹង​យ៉ូសេ​១ ហើយ​នឹង​សាឡូ‌មេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15