នៅពីរថ្ងៃមុនបុណ្យចម្លង* និងបុណ្យនំប៉័ងឥតមេ* ក្រុមនាយកបូជាចារ្យ* និងពួកអាចារ្យ* នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ ព្រះយេស៊ូគង់នៅភូមិបេតថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលុប។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។ មានអ្នកខ្លះនៅទីនោះទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង* ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តនាងទៅ! ហេតុអ្វីបានជារករឿងនាង? នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្តអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ស្ត្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ* គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។ យូដាសអ៊ីស្ការីយ៉ុត ជាសិស្ស*ម្នាក់ក្នុងក្រុមដប់ពីររូប បានទៅជួបពួកនាយកបូជាចារ្យ* ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។ កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្តណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះអង្គ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសិស្ស*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។ ព្រះអង្គចាត់សិស្ស*ពីររូបឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា “បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លង*នៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើង នៅក្នុងបន្ទប់នោះចុះ»។ សិស្ស*ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសិស្ស ទាំងដប់ពីររូប។ នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ពួកសិស្សព្រួយចិត្តក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំនេះហើយ។ បុត្រមនុស្ស*ត្រូវតែស្លាប់ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏បរិភោគទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ចោលខ្ញុំ ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ” ។ ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។
អាន ម៉ាកុស 14
ស្ដាប់នូវ ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:1-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ