ម៉ាកុស 14:1-31

ម៉ាកុស 14:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង* និង​បុណ្យ​នំប៉័ង​ឥត​មេ* ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​រក​មធ្យោ‌បាយ ដើម្បី​ចាប់​ព្រះ‌យេស៊ូ​ដោយ​កល‌ល្បិច​យក​ទៅ​ធ្វើ​គុត។ ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេតថា‌នី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។ ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លុប។ នាង​បំបែក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌សិរសា​របស់​ព្រះ‌យេស៊ូ។ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​គ្នា​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ! បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង? នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រីក្រ​នៅ​ជា​មួយ​រហូត អ្នក​រាល់​គ្នា​អាច​ធ្វើ​ទាន​ដល់​គេ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថ‌ភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន​សម្រាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។ យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។ កាល​អ្នក​ទាំង​នោះ​ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះអង្គ។ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា*​សម្រាប់​បុណ្យ​ចម្លង* ពួក​សិស្ស*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង* នៅ​កន្លែង​ណា?»។ ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ទៅ​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​ទៅ គាត់​ចូល​ផ្ទះ​ណា អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់‌លៀង​ជា​មួយ​ពួក​សិស្ស ក្នុង​ពេល​បុណ្យ​ចម្លង*​នៅ​ឯ​ណា?”។ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់‌ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច ចូរ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។ លុះ​ដល់​ល្ងាច ព្រះអង្គ​យាង​មក​ដល់​ជា​មួយ​សិស្ស ទាំង​ដប់‌ពីរ​រូប។ នៅ​ពេល​ព្រះ‌យេស៊ូ​រួម​តុ សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង គេ​ទូល​សួរ​ព្រះអង្គ​បន្ដ​បន្ទាប់​គ្នា​ថា៖ «តើ​ទូលបង្គំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់‌ពីរ ដែល​កំពុង​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស ​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។ នៅ​ពេល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី នៅ​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «អ្នក​ទាំង​អស់​គ្នា​នឹង​បោះ​បង់​ចោល​ខ្ញុំ ដ្បិត​មាន​ចែង​ទុក​មក​ថា “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ” ។ ក៏​ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀតៗ​បោះ‌បង់​ចោល​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បោះ‌បង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ប៉ុន្តែ លោក​ពេត្រុស​ប្រកែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ​ដូច​លោក​ពេត្រុស​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បាន​រិះ​រក​មធ្យោ​បាយ ដោយ​ប្រើ​កល​ល្បិច ដើម្បី​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​គុត។ ដ្បិត​គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​មាន​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ពេល​ព្រះ‌អង្គ​កំពុង​គង់​នៅ​តុ​អាហារ​ឯ​ភូមិ​បេថា‌នី ក្នុង​ផ្ទះ​ស៊ី​ម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​បំផុត ហើយ​នាង​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ។ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អី្វ​ក៏​យក​ប្រេង​មក​បង្ខាត​ចោល​ដូច្នេះ? ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ជាង​បី​រយ​ដេណារី ហើយ​យក​ប្រាក់​ចែក​ទាន​ដល់​អ្នក​ក្រ​បាន»។ អ្នក​ទាំង​នោះ​ស្ដី​បន្ទោស​ដល់​នាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​ចុះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នាង? នាង​បាន​ធ្វើ​ការ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ ដ្បិត​អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ​នៅ​ពេល​ណា​ក៏​បាន តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​ចាក់​ប្រេង​លើ​រូប​កាយ​ខ្ញុំ​ជា​មុន សម្រាប់​ពិធី​បញ្ចុះ​សព​ខ្ញុំ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។ ពេល​នោះ យូដាស​អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ក៏​ទៅ​ជួប​ពួក​សង្គ្រាជ ដើម្បី​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។ កាល​គេ​បាន​ឮ​ដូច្នោះ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ ដូច្នេះ គាត់​ក៏​ស្វែង​រក​ឱកាស​ល្អ​ដើម្បី​បញ្ជូន​ព្រះ‌អង្គ។ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ជា​ពេល​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ​បូជា សម្រាប់​បុណ្យ​រំលង ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​រៀប​ចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» ដូច្នេះ ព្រះ‌អង្គ​ក៏​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​បុរស​ម្នាក់​លី​ក្អម​ទឹក​មក​ជួប​អ្នក។ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ ហើយ​កន្លែង​ណា​ដែល​គាត់​ចូល​ទៅ ចូរ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​ទទួល​ទាន​អាហារ​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅ​ឯ​ណា?" នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​មួយ​ធំ​នៅ​ជាន់​លើ ដែល​រៀប​ចំ​ជា​ស្រេច។ ចូរ​រៀប​ចំ​អាហារ​សម្រាប់​យើង​នៅ​ទី​នោះ​ចុះ»។ ដូច្នេះ សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ ពេល​ទៅ​ដល់​ទី​ក្រុង គេ​ឃើញ​អ្វីៗ​ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​មែន ហើយ​គេ​ក៏​រៀប​ចំ​អាហារ​បុណ្យ​រំលង។ លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​យាង​មក​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ។ ពេល​គេ​រួម​តុ​ទទួល​ទាន​អាហារ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​កំពុង​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​គេ​ចាប់​ផ្ដើម​ព្រួយ​ចិត្ត ហើយ​ទូល​ព្រះ‌អង្គ​ម្នាក់​ម្តងៗ​ថា៖ «មិន​មែន​ទូល​បង្គំ​ទេ មែន​ទេ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ដែល​ជ្រលក់​នំ​ប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ។ ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ កាល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​គេ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ" ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ ក៏​ទូល​បង្គំ​មិន​រវាត​ចិត្ត​ជា​ដាច់​ខាត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ តែ​គាត់​ប្រ‌កែក​កាន់​តែ​ខ្លាំង​ថា៖ «ទោះ​បើ​ទូល​បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល​បង្គំ​មិន​ប្រ‌កែក​ថា មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត»។ គេ​ទាំង​អស់​និយាយ​ដូច​គ្នា។

ចែក​រំលែក
អាន ម៉ាកុស 14

ម៉ាកុស 14:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង នឹង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយ‌កល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល តែ​គេ​ថា កុំ​ឲ្យ​ធ្វើ​ក្នុង​រវាង​បុណ្យ​ឡើយ ក្រែង​បណ្តាជន​កើត​កោលា‌ហល។ កំពុង​ដែល​ទ្រង់​គង់​នៅ​តុ ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នៅ​ភូមិ​បេថានី នោះ​មាន​ស្ត្រី​ម្នាក់​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ​ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ មាន​អ្នក​ខ្លះ​នឹក​តូច​ចិត្ត ហើយ​ថា តើ​មាន​ប្រយោជន៍​អ្វី​នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័ល‌ក្រ​វិញ គេ​ក៏​រទូ‌រទាំ​នឹង​នាង ប៉ុន្តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ នឹង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សំរាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។ ឯ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ កាល​គេ​បាន​ឮ នោះ​ក៏​មាន​សេចក្ដី​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា រួច​វា​ខំ​ស្វែង​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ​ដោយ​ស្រួល។ នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ កាល​គេ​ត្រូវ​សំឡាប់​កូន​ចៀម ធ្វើ​បុណ្យ​រំលង នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀបចំ​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា ទ្រង់​ក៏​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​មនុស្ស​ម្នាក់​លី​ក្អម​ទឹក​មក​ចួប​នឹង​អ្នក ចូរ​ឲ្យ​ដើរ​តាម​អ្នក​នោះ​ទៅ នៅ​កន្លែង​ណា​ដែល​គាត់​ចូល ចូរ​អ្នក​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ណា​ដែល​លោក​នឹង​បរិភោគ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​របស់​លោក នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​ខាង​លើ​ដែល​រៀប​ជា​ស្រេច ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល រួច​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។ ដល់​ពេល​ល្ងាច​ហើយ ទ្រង់​យាង​មក ព្រម​ទាំង​ពួក​១២​នាក់ កាល​កំពុង​តែ​អង្គុយ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នេះ នោះ​មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ គេ​ក៏​តាំង​ព្រួយ​ចិត្ត ហើយ​ទូល​ទ្រង់​ម្តង​ម្នាក់ៗ​ថា តើ​ទូលបង្គំ​ឬ​អី រួច​ម្នាក់​ទៀត​ថា តើ​ទូលបង្គំ​ឬ​អី ព្រះ‌យេស៊ូវ​ឆ្លើយ​ថា គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង។ កាល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ។ រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ» ប៉ុន្តែ​កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា តែ​ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។

ចែក​រំលែក
អាន ម៉ាកុស 14