ម៉ាកុស 11:12-26

ម៉ាកុស 11:12-26 គខប

នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេតថា‌នី ពេល​នោះ ព្រះអង្គ​ឃ្លាន។ ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ*​មួយ​ដើម​ពី​ចម្ងាយ មាន​ស្លឹក​ខៀវ​ខ្ចី ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត ព្រះអង្គ​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ដ្បិត​ពុំ​ទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ គ្មាន​នរណា​បរិ‌ភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស*​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មិន​ឲ្យ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទីធ្លា​ព្រះ‌វិហារ*​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​អធិស្ឋាន* តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ »។ កាល​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ប៉ុន្តែ គេ​ខ្លាច​ព្រះអង្គ ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន​ណាស់។ លុះ​ដល់​ល្ងាច ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស។ ព្រឹក​ឡើង ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពួក​សិស្ស​ឃើញ​ដើម​ឧទុម្ពរ*​ក្រៀម​ស្វិត​រហូត​ដល់​ឫស។ លោក​ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! សូម​មើល! ដើម​ឧទុម្ពរ​ដែល​ព្រះ‌គ្រូ​បាន​ដាក់​បណ្ដា‌សា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់​ចុះ!។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​គេ​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ ចូរ​ជឿ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន។ ម្យ៉ាង​ទៀត ពេល​ឈរ​អធិស្ឋាន បើ​អ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់ ចូរ​អត់‌ទោស​ឲ្យ​គេ​ទៅ ដើម្បី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា»។ [ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​គេ​ទេ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។]