ម៉ាកុស 11:1-19

ម៉ាកុស 11:1-19 គខប

ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេតផា‌សេ និង​ភូមិ​បេតថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក ពុំ​ទាន់​ដែល​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។ ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។ សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ ហើយ​ក៏​ស្រាយ​វា។ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​កូន​លា​នេះ?»។ សិស្ស​ទាំង​ពីរ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូ​បាន​បង្គាប់​មក គេ​ក៏​ឲ្យ​ដឹក​ចេញ​ទៅ។ សិស្ស​ទាំង​ពីរ​ដឹក​វា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​យក​អាវ​របស់​ខ្លួន​ក្រាល​ពី​លើ​ខ្នង​កូន​លា ព្រះអង្គ​ក៏​ឡើង​គង់​លើ​ខ្នង​កូន​លា​នោះ។ មាន​មនុស្ស‌ម្នា​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​យក​ស្លឹក​ឈើ​ពី​ចម្ការ​មក​រាយ​លើ​ផ្លូវ​ដែរ។ អស់​អ្នក​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌រាជ្យ*​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។ កាល​ព្រះ‌យេស៊ូ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ក៏​យាង​ចូល​ក្នុង​ព្រះ‌វិហារ*។ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ ព្រះអង្គ​យាង​ទៅ​ភូមិ​បេតថា‌នី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប ដ្បិត​ល្ងាច​ណាស់​ហើយ។ នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេតថា‌នី ពេល​នោះ ព្រះអង្គ​ឃ្លាន។ ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ*​មួយ​ដើម​ពី​ចម្ងាយ មាន​ស្លឹក​ខៀវ​ខ្ចី ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត ព្រះអង្គ​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ដ្បិត​ពុំ​ទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ គ្មាន​នរណា​បរិ‌ភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស*​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មិន​ឲ្យ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទីធ្លា​ព្រះ‌វិហារ*​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​អធិស្ឋាន* តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ »។ កាល​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ប៉ុន្តែ គេ​ខ្លាច​ព្រះអង្គ ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន​ណាស់។ លុះ​ដល់​ល្ងាច ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស។