ម៉ាកុស 11:1-19
ម៉ាកុស 11:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ប្រសិនបើមានគេសួរថា“ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។ សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ សិស្សទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏ឲ្យដឹកចេញទៅ។ សិស្សទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ*ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលក្នុងព្រះវិហារ*។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេតថានីជាមួយសិស្សទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។ នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេតថានី ពេលនោះ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស*បានឮព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា: ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន* តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ »។ កាលពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។
ម៉ាកុស 11:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ភូមិបេតផាសេ និងភូមិបេថានី ជិតភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សរបស់ព្រះអង្គពីរនាក់ ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិនៅខាងមុខអ្នករាល់គ្នានោះទៅ ហើយពេលចូលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយចងទុកនៅទីនោះ ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយ ហើយដឹកវាមក។ បើមានអ្នកណាសួរថា "ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?" ចូរប្រាប់ថា "ព្រះអម្ចាស់ត្រូវការវា តែគេនឹងដឹកវាមកទីនេះវិញភ្លាម"»។ សិស្សទាំងពីរក៏ចេញទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារខាងក្រៅ ក្បែរផ្លូវ ហើយគេក៏ស្រាយវា។ មានអ្នកខ្លះដែលឈរនៅទីនោះ សួរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ស្រាយកូនលានេះឬ?» អ្នកទាំងនោះឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូវបានបង្គាប់ ហើយគេក៏ឲ្យដឹកវាយកទៅ។ អ្នកទាំងពីរដឹកកូនលានោះមកថ្វាយព្រះយេស៊ូវ យកអាវរបស់ខ្លួនក្រាលលើវា ហើយព្រះអង្គក៏ឡើងគង់។ មនុស្សជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតកាច់ស្លឹកឈើពីចម្ការ មករាយតាមផ្លូវ។ ពេលនោះ អស់អ្នកដែលដើរហែហមពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។ សូមថ្វាយព្រះពរដល់ព្រះរាជ្យដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើង! ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត!»។ ពេលព្រះអង្គយាងមកដល់ក្រុងយេរូសាឡិម ទ្រង់ក៏ចូលក្នុងព្រះវិហារ។ ក្រោយពីបានទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងទៅភូមិបេថានីជាមួយអ្នកទាំងដប់ពីរ ដ្បិតល្ងាចណាស់ហើយ។ នៅថ្ងៃបន្ទាប់ ពេលគេចេញពីភូមិបេថានី ព្រះអង្គឃ្លាន។ ពេលព្រះអង្គទតឃើញដើមល្វាមួយដើមពីចម្ងាយ ដែលមានស្លឹក ព្រះអង្គក៏យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ កាលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ព្រោះមិនទាន់ដល់រដូវល្វាផ្លែនៅឡើយ។ ព្រះអង្គមានព្រះបន្ទូលទៅដើមល្វានោះថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ពួកសិស្សព្រះអង្គក៏ឮ។ កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប ហើយព្រះអង្គមិនឲ្យអ្នកណាម្នាក់លីសែងអ្វីឆ្លងកាត់ព្រះវិហារឡើយ។ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «តើគ្មានសេចក្តីចែងទុកមកទេឬថា "ដំណាក់របស់យើង ត្រូវហៅថាជាដំណាក់ សម្រាប់អស់ទាំងសាសន៍អធិស្ឋាន ?" ប៉ុន្តែ អ្នករាល់គ្នាយកដំណាក់នេះ ធ្វើជារោងចោរ ទៅវិញ»។ ពួកសង្គ្រាជ និងពួកអាចារ្យឮដូច្នេះ គេក៏រកមធ្យោបាយធ្វើគុតព្រះអង្គ ដ្បិតគេខ្លាចព្រះអង្គ ព្រោះបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យក្នុងចិត្តចំពោះសេចក្តីបង្រៀនរបស់ព្រះអង្គ។ លុះដល់ល្ងាច ព្រះអង្គ និងពួកសិស្សក៏ចាកចេញពីទីក្រុង។
ម៉ាកុស 11:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមកជិតដល់ក្រុងយេរូសាឡិម ដល់ភូមិបេតផាសេ នឹងបេថានី ទន្ទឹមនឹងភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយបន្ទូលថា ចូរទៅឯភូមិខាងមុខនុ៎ះ កាលណាចូលទៅដល់ នោះនឹងឃើញកូនលាគេបានចងទុក ដែលឥតមានអ្នកណាទាន់ជិះនៅឡើយ ចូរស្រាយដឹកនាំវាមក បើអ្នកណាសួរថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ អ្នកទាំង២ក៏ទៅ ឃើញកូនលាគេចងទុកនៅមាត់ទ្វារ ត្រង់កន្លែងផ្លូវប្រសព្វ រួចក៏ស្រាយវា ឯពួកអ្នកខ្លះដែលឈរនៅទីនោះគេសួរថា អ្នកស្រាយកូនលាធ្វើអី អ្នកទាំងនោះឆ្លើយប្រាប់ ដូចជាព្រះយេស៊ូវទ្រង់បង្គាប់ រួចគេក៏បើកឲ្យ អ្នកទាំង២ដឹកនាំកូនលាមកឯព្រះយេស៊ូវ រួចក្រាលអាវលើវា ហើយទ្រង់ឡើងគង់ មានមនុស្សជាច្រើននាំគ្នាក្រាលអាវខ្លួននៅផ្លូវ ហើយខ្លះទៀតកាច់មែកឈើ យកមករាយតាមផ្លូវដែរ ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់គ្នា ដែលមកដោយនូវព្រះនាមព្រះអម្ចាស់ ក៏ប្រកបដោយព្រះពរដែរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត នោះព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិម ក៏ទៅក្នុងព្រះវិហារ កាលទ្រង់ទតជុំវិញ មើលសព្វគ្រប់ទាំងអស់ហើយ នោះក៏យាងទៅឯបេថានី ព្រមទាំងពួក១២ផង ដ្បិតថ្ងៃកាន់តែទាបណាស់ហើយ។ ថ្ងៃស្អែកឡើង កាលបានចេញពីបេថានីមក នោះទ្រង់ក៏ឃ្លាន ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ នោះទ្រង់មានបន្ទូលទៅដើមនោះថា កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ ពួកសិស្សទ្រង់ក៏ឮ។ ព្រះយេស៊ូវ ទ្រង់យាងទៅដល់ក្រុងយេរូសាឡិម កាលបានចូលទៅក្នុងព្រះវិហារហើយ នោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ នឹងជើងម៉ានៃពួកអ្នកលក់ព្រាប ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់ព្រះវិហារឡើយ ទ្រង់បង្រៀនគេថា តើគ្មានសេចក្ដីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍» ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ ពួកសង្គ្រាជ នឹងពួកអាចារ្យក៏ឮ ហើយគេរកឱកាសធ្វើយ៉ាងណានឹងបំផ្លាញទ្រង់ចេញ ដ្បិតគេខ្លាចទ្រង់ ដោយព្រោះបណ្តាមនុស្សទាំងអស់គ្នា មានសេចក្ដីអស្ចារ្យក្នុងចិត្ត ចំពោះសេចក្ដីដែលទ្រង់បង្រៀន ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។