ម៉ាកុស 10:46-52

ម៉ាកុស 10:46-52 គខប

ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​ព្រះអង្គ​យាង​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារ‌ទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ កាល​គាត់​ឮ​ថា​ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណា​សារ៉ែត យាង​តាម​នោះ គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ មនុស្ស​ជា​ច្រើន​បាន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម ក្រោក​ឡើង លោក​ហៅ​អ្នក»។ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង តម្រង់​ទៅ​រក​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​ភ្លឺ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ!»។ រំពេច​នោះ គាត់​មើល​ឃើញ​ភ្លាម ហើយ​ដើរ​តាម​ផ្លូវ​ជា​មួយ​ព្រះ‌យេស៊ូ​ទៅ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ