កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពមាតាបិតា” »។ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជា*ទាំងនេះ តាំងពីក្មេងមក»។ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។ ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បានទេ»។ ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ទៅទៀត»។
អាន ម៉ាកុស 10
ស្ដាប់នូវ ម៉ាកុស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 10:17-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ