មីកា 6:8-15

មីកា 6:8-15 គខប

ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែល​ព្រះ‌អម្ចាស់ សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ តាម​មាគ៌ា នៃ​ព្រះ​របស់​អ្នក។ ព្រះ‌អម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ទៅ​កាន់​អ្នក​ក្រុង ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច ព្រះ‌នាម​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយ ចូរ​នាំ​គ្នា​ស្ដាប់! បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ តើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ? តើ​អ្នក​ស្មាន​ថា​យើង​អត់‌ឱន​ឲ្យ អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវ និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ? អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ អ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហក និង​បោក​បញ្ឆោត​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុង រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់។ ព្រោះ​តែ​អំពើ​បាប​របស់​អ្នក យើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។ អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេ អ្នក​នឹង​ជួប​ទុរ្ភិក្ស អ្នក​ប្រមូល​ស្បៀង​អាហារ​ទុក តែ​ទុក​មិន​ចេះ​គង់។ អ្វីៗ​ដែល​អ្នក​ប្រមូល​ទុក យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។ សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ អ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។