មីកា 6:8-15
ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់ សព្វព្រះហឫទ័យឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា នៃព្រះរបស់អ្នក។ ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុង ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច ព្រះនាមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់! បើក្នុងផ្ទះរបស់មនុស្សអាក្រក់ នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត និងមានថាំងរង្វាល់តូចជ្រុល ដែលគួរឲ្យស្អប់ខ្ពើមដូច្នេះ តើឲ្យយើងទ្រាំបានឬ? តើអ្នកស្មានថាយើងអត់ឱនឲ្យ អ្នកប្រើជញ្ជីងមិនត្រឹមត្រូវ និងអ្នកបំបាត់ភ្នែកជញ្ជីងឬ? អ្នកមាននៅក្រុងនេះប្រព្រឹត្តអំពើឃោរឃៅ អ្នកក្រុងនេះគិតតែនិយាយកុហក និងបោកបញ្ឆោតគ្នា។ ហេតុនេះហើយបានជាយើងប្រហារទីក្រុង រហូតដល់ធ្វើឲ្យអ្នកឈឺចុកចាប់។ ព្រោះតែអំពើបាបរបស់អ្នក យើងនឹងបំផ្លាញក្រុងនេះឲ្យវិនាស។ អ្នកបរិភោគតែពុំចេះឆ្អែតទេ អ្នកនឹងជួបទុរ្ភិក្ស អ្នកប្រមូលស្បៀងអាហារទុក តែទុកមិនចេះគង់។ អ្វីៗដែលអ្នកប្រមូលទុក យើងនឹងធ្វើឲ្យវិនាសដោយសារសង្គ្រាម។ សាបព្រោះ តែពុំអាចច្រូតយកផលបានទេ អ្នកកិនផ្លែអូលីវ តែមិនបានប្រើប្រេងនេះ អ្នកជាន់ផ្លែទំពាំងបាយជូរ តែមិនបានផឹកស្រានេះទេ។
មីកា 6:8-15