បន្ទាប់មក ព្រះយេស៊ូយាងចុះទូក ឆ្លងសមុទ្រទៅក្រុង របស់ព្រះអង្គវិញ។ ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នករួចពីបាប*ហើយ!”។ ពួកអាចារ្យ*ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។ ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។ អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។ កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។ កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្តិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ*។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសិស្សដែរ។ ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
អាន ម៉ាថាយ 9
ស្ដាប់នូវ ម៉ាថាយ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 9:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ