ម៉ាថាយ 9:1-17

ម៉ាថាយ 9:1-17 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ឆ្លង​សមុទ្រ​ទៅ​ក្រុង របស់​ព្រះអង្គ​វិញ។ ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប*​ហើយ!”។ ពួក​អាចារ្យ*​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ‌ជាម្ចាស់!»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ? បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប»។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។ អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ កាល​មហា‌ជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។ កាល​ព្រះ‌យេស៊ូ​យាង​ពី​ទី​នោះ​ទៅ​មុខ​បន្តិច ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ*។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ព្រះអង្គ​ទៅ។ បន្ទាប់​មក ព្រះអង្គ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ដែរ។ ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះគិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្តា‌ករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ? ទេ!។ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។ ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។