ម៉ាថាយ 4:12-22

ម៉ាថាយ 4:12-22 គខប

កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត​ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «ដែន​ដី​សាប់យូ‌ឡូន និង​ដែន​ដី​ណែប‌ថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ! ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់» ។ តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។ កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេ‌ដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេ‌ដេ ជា​ឪពុក។ ព្រះអង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។