ម៉ាថាយ 3:1-12

ម៉ាថាយ 3:1-12 គខប

នៅ​គ្រា​នោះ លោក​យ៉ូហាន‌បាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោ‌ស្ថាន*​ស្រុក​យូដា​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ!»។ ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក​យ៉ូហាន​នេះ​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ!”» ។ លោក​យ៉ូហាន​មាន​សម្លៀក‌បំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។ អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។ គេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឲ្យ​គេ​ក្នុង​ទន្លេ​យ័រដាន់។ កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​ព្រះ‌ពិរោធ*​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ? ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​ដែរ។ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក​ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។ លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ស្រូវ វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។