ម៉ាថាយ 3:1-12
ម៉ាថាយ 3:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកយ៉ូហាន-បាទីស្ទបានលេចមកនៅទីរហោស្ថានស្រុកយូដា ប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជិតមកដល់ហើយ»។ អ្នកនេះហើយដែលហោរាអេសាយបានថ្លែងថា៖ «មានសំឡេងរបស់មនុស្សម្នាក់ ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ"» ។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។ ពេលនោះ មនុស្សនៅក្រុងយេរូសាឡិម និងនៅស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅតំបន់តាមដងទន្លេយ័រដាន់ បានចេញទៅរកលោក ហើយគេទទួលពិធីជ្រមុជទឹកពីលោកនៅទន្លេយ័រដាន់ ទាំងលន់តួអំពើបាបរបស់ខ្លួន។ ប៉ុន្តែ ពេលលោកឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់អ្នករាល់គ្នា ឲ្យគេចចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? ចូរអ្នករាល់គ្នាបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ ហើយកុំឲ្យគិតក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំជាឪពុក" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ ប៉ុន្តែ ឥឡូវនេះ ពូថៅដាក់នៅនឹងឫសឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនផ្តល់ផ្លែល្អ នោះត្រូវកាប់រំលំចោល ហើយបោះទៅក្នុងភ្លើង។ ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ត ប៉ុន្តែ ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមនឹងកាន់សុព័ណ៌បាទថ្វាយព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។
ម៉ាថាយ 3:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកយ៉ូហានបាទីស្ដ*មកដល់ លោកប្រកាសនៅវាលរហោស្ថាន*ស្រុកយូដាថា៖ «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ!»។ ព្យាការី*អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!”» ។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។ អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក*ឲ្យគេក្នុងទន្លេយ័រដាន់។ កាលលោកឃើញពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធ*របស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ? ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំនឹកស្មានថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំដែរ។ ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។ ខ្ញុំធ្វើពិធីជ្រមុជ*អ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែដោះស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ* និងដោយភ្លើងវិញ។ លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដីស្រូវ វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
ម៉ាថាយ 3:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ យ៉ូហាន-បាទីស្ទ គាត់មកនៅក្នុងទីរហោស្ថានស្រុកយូដា កំពុងតែប្រកាសថា ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ គឺពីអ្នកនេះហើយដែលហោរាអេសាយបានទាយថា «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ» ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ។ នោះពួកក្រុងយេរូសាឡិម នឹងពួកស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ័រដាន់ គេចេញមកឯគាត់ ក៏លន់តួបាប ហើយទទួលបុណ្យជ្រមុជពីគាត់ ក្នុងទន្លេយ័រដាន់ទាំងអស់គ្នា តែកាលគាត់ឃើញពួកផារិស៊ី នឹងពួកសាឌូស៊ី មកទទួលបុណ្យជ្រមុជពីគាត់ជាច្រើនដែរ នោះក៏សួរគេថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ចេញ ពីសេចក្ដីក្រោធដែលត្រូវមកដូច្នេះ បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផលដែលសំណំនឹងសេចក្ដីប្រែចិត្តនោះចុះ ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួន នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ប៉ុន្តែ ឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវទ្រង់ មកដាក់ក្នុងជង្រុក តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបានវិញ។