លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសិស្សទាំងដប់ពីររូប។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ពួកសិស្សព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ ។ បុត្រមនុស្ស*ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ យូដាសជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស* ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី*ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យ*នៃព្រះបិតាខ្ញុំ»។ ក្រោយពីបានច្រៀងទំនុកតម្កើង *រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។
អាន ម៉ាថាយ 26
ស្ដាប់នូវ ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:20-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ