ម៉ាថាយ 26:20-30

ម៉ាថាយ 26:20-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ហើយ​ពេល​គេ​កំពុង​បរិ‌ភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះ‌អង្គ​ម្នាក់​ម្ដងៗ​ថា៖ «ព្រះ‌អម្ចាស់! តើ​ទូល‌បង្គំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​លូក​ដៃ​ទៅ​ក្នុង​ចាន​ជា​មួយ​ខ្ញុំ អ្នក​នោះ​ឯង​នឹង​ក្បត់​ខ្ញុំ ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ ពេល​នោះ យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «រ៉ាប៊ី! តើ​ខ្ញុំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។ កាល​គេ​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក ហើយ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ឲ្យ​ពួក​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា [ថ្មី] ដែល​បាន​បង្ហូរ​ចេញ ដើម្បី​អត់​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​នេះ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​ខ្ញុំ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:20-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ល្ងាច ព្រះអង្គ​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប។ នៅ​ពេល​បរិភោគ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូលបង្គំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។ យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។ នៅ​ពេល​កំពុង​បរិភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស* ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណើះ​ត​ទៅ ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បិតា​ខ្ញុំ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង *​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:20-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ល្ងាច ទ្រង់​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​១២​នាក់ កាល​កំពុង​តែ​បរិភោគ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ នោះ​គ្រប់​គ្នា​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​តាំង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំ​ទៅ ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។ គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ត​ទៅ​មុខ ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ក្នុង​នគរ​ព្រះវរ‌បិតា​នៃ​ខ្ញុំ រួច​កាល​បាន​ច្រៀង​ទំនុក​មួយ​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។

ចែក​រំលែក
អាន ម៉ាថាយ 26

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ