ម៉ាថាយ 25:1-30

ម៉ាថាយ 25:1-30 គខប

«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។ ក្នុង​ចំណោម​ពួក​នាង​មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។ ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។ រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។ ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោក‌ងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។ លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។ ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀបចំ​អុជ​ចង្កៀង។ ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។ ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។ នៅ​ពេល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។ ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់ ស្រែក​ហៅ​ថា: “លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង!”។ ស្វាមី​ឆ្លើយ​ទៅ​វិញ​ថា: “ខ្ញុំ​សុំ​ប្រាប់​ឲ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។ គាត់​ប្រគល់​ប្រាក់​ឲ្យ​អ្នក​បម្រើ​ម្នាក់ៗ​តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន គឺ​ឲ្យ​ប្រាំ​ណែន ទៅ​អ្នក​ទី​មួយ ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី រួច​គាត់​ចេញ​ដំណើរ​ទៅ។ អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។ អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។ រីឯ​អ្នក​ដែល​ទទួល​ប្រាក់​មួយ​ណែន​បាន​ចេញ​ទៅ​ជីក​ដី​កប់​ប្រាក់​ម្ចាស់​របស់​ខ្លួន​ទុក។ លុះ​យូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។ អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ចូល​មក​ជូន​ម្ចាស់ ដោយ​ពោល​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត”។ ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ​ចូល​មក​ដែរ ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត”។ ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។ ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យ ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។ ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា: “នែ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។ គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់​ទាំង​ដើម ទាំង​ការ!។ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។