«ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ!) ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទ*ឡើយ ដ្បិតពេលនោះ ជាពេលមាន ទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ ។ ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ត*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការី*ក្លែងក្លាយនាំគ្នាសម្តែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។ បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ ដ្បិតបុត្រមនុស្ស*នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។ សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ »។ «លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ ពេលនោះ ទីសម្គាល់របស់បុត្រមនុស្ស*នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធ*ទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញ បុត្រមនុស្សយាងមកលើពពក*ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។ ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង»។ «ចូរអ្នករាល់គ្នាយកប្រស្នា*ស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំង ជិតមកដល់ហើយ។ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
អាន ម៉ាថាយ 24
ស្ដាប់នូវ ម៉ាថាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 24:15-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ