ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងពួកសិស្ស*ថា៖ «ពួកអាចារ្យ* និងពួកផារីស៊ី* មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ*។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្ដីដែលគេបង្រៀននោះទេ។ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចបន្តួចក៏មិនជួយផង។ គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ កាន់តែធំឡើងៗ និងធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ*។ ពួកនេះចូលចិត្តឲ្យគេឱនកាយគោរព នៅតាមផ្សារ និងឲ្យគេហៅខ្លួនថា “ព្រះគ្រូ”។ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “ព្រះបិតា” ឲ្យសោះ ដ្បិតអ្នករាល់គ្នាមាន“ព្រះបិតា”តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ កុំឲ្យគេហៅអ្នករាល់គ្នាថា“មគ្គទេសក៍”ឡើយ ដ្បិតមានតែព្រះគ្រិស្តមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
អាន ម៉ាថាយ 23
ស្ដាប់នូវ ម៉ាថាយ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 23:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ