ម៉ាថាយ 22:34-46

ម៉ាថាយ 22:34-46 គខប

ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖ «លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ* តើ​មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា” ហ្នឹង​ហើយ​ជា​បទ‌បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ រីឯ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​ដូច​ស្រឡាញ់​ខ្លួន​ឯង” ។ បទ‌បញ្ជា​ទាំង​ពីរ​នេះ​ជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?»។ គេ​ទូល​ថា៖ «ព្រះអង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ ដែល​មាន​ព្រះ‌វិញ្ញាណ​បំភ្លឺ ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ទៅ​វិញ​ដូច្នេះ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត!»។ គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​ព្រះអង្គ​ទៀត​ឡើយ។