ម៉ាថាយ 17:1-9

ម៉ាថាយ 17:1-9 គខប

ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន នៅ​មុខ​សិស្ស*​ទាំង​បី គឺ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។ សិស្ស​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី*​អេលីយ៉ា​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ទូលបង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ ពួក​សិស្ស​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះ‌ហស្ដ​លើ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។ ពេល​ព្រះអង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​បី ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​អំពី​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស*​មាន​ជីវិត​រស់​ឡើង​វិញ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ