ម៉ាថាយ 16:13-27

ម៉ាថាយ 16:13-27 គខប

កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់​ស្រុក​សេសារា-ភីលីព ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស*​ថា៖ «មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?»។ គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។ ព្រះអង្គ​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះ​មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​បាន​សម្តែង​ឲ្យ​អ្នក​ដឹង។ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំនុំ*​របស់​ខ្ញុំ។ មច្ចុរាជ ពុំ​មាន​អំណាច​លើ​ក្រុម‌ជំនុំ​នេះ​បាន​ឡើយ ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ នៅ​លើ​ផែនដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ហាម​ពួក​សិស្ស*​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះអង្គ​ជា​ព្រះ‌គ្រិស្ត*​ឡើយ។ តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូ ចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា ព្រះអង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​នឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះអង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​ពេត្រុស*​នាំ​ព្រះ‌យេស៊ូ​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌ជាម្ចាស់​មេត្តា​អាណិត កុំ​ឲ្យ​ការណ៍​នេះ​កើត​មាន​ដល់​ព្រះអង្គ​ឡើយ»។ ព្រះ‌យេស៊ូ​បែរ​មក​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «នែ មារ*​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធ‌សាធ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរី‌រុងរឿង ព្រះ‌បិតា​របស់​ព្រះអង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។