ម៉ាថាយ 16:13-27
ម៉ាថាយ 16:13-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?» គេទូលឆ្លើយថា៖ «ខ្លះថាជាលោកយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាលោកអេលីយ៉ា ហើយខ្លះទៀតថាជាលោកយេរេមា ឬហោរាណាម្នាក់»។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់»។ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ អ្នកមានពរ ដ្បិតមិនមែនសាច់ឈាម ទេ ដែលបានសម្តែងឲ្យអ្នកដឹងសេចក្ដីនេះ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។ ខ្ញុំនឹងឲ្យកូនសោព្រះរាជ្យនៃស្ថានសួគ៌ដល់អ្នក ហើយអ្វីៗដែលអ្នកចង នៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»។ បន្ទាប់មក ព្រះអង្គហាមផ្ដាច់មិនឲ្យពួកសិស្សប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។ តាំងពីពេលនោះ មក ព្រះយេស៊ូវចាប់ផ្តើមបង្ហាញពួកសិស្សរបស់ព្រះអង្គថា ទ្រង់ត្រូវតែយាងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាខ្លាំងពីពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ត្រូវគេធ្វើគុត ហើយរស់ឡើងវិញនៅថ្ងៃទីបី។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។ ប៉ុន្តែ ព្រះអង្គបែរមក មានព្រះបន្ទូលទៅពេត្រុសថា៖ «សាតាំង! ថយទៅក្រោយយើងទៅ ឯងជាសេចក្តីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះទេ គឺគិតតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។ បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន នឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតខ្លួន ដោយព្រោះខ្ញុំ នឹងបានជីវិតវិញ។ ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
ម៉ាថាយ 16:13-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារា-ភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស*ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ*របស់ខ្ញុំ។ មច្ចុរាជ ពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ*នៃស្ថានបរមសុខឲ្យអ្នក។ អ្វីៗដែលអ្នកចង នៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយ នៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស*មិនឲ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ត*ឡើយ។ តាំងពីពេលនោះមក ព្រះយេស៊ូ ចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*នឹងនាំគ្នាធ្វើបាបព្រះអង្គឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ លោកពេត្រុស*នាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំឲ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ មារ*សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? លុះដល់បុត្រមនុស្ស*ប្រកបដោយសិរីរុងរឿង ព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ម៉ាថាយ 16:13-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ នោះទ្រង់មានបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ ទ្រង់មានបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ រួចទ្រង់ហាមពួកសិស្ស មិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ។ តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលជំទាស់ថា ឱព្រះអម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ តែទ្រង់បែរទៅមានបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក គ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន