មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ? ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត” ។ រីឯអ្នករាល់គ្នាវិញបែរជាពោលថា: បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ” អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្តតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។ មនុស្សមានពុតអើយ ពាក្យដែលព្យាការី*អេសាយថ្លែងទុកអំពីអ្នករាល់គ្នាត្រូវណាស់គឺ: “ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ រីឯចិត្តគេនៅឆ្ងាយពីយើង។ គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ” »។ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា អ្វីៗដែលចូលតាមមាត់មនុស្សពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។ ពេលនោះ សិស្ស*នាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី*ទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*នឹងដករុក្ខជាតិទាំងឡាយណា ដែលព្រះអង្គមិនបានដាំ។ កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ!។ អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោបង់!។ ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្សសុទ្ធតែផុសចេញពីចិត្តមក គឺសេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ* ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់ គឺការទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
អាន ម៉ាថាយ 15
ស្ដាប់នូវ ម៉ាថាយ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 15:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ