ម៉ាថាយ 13:1-23

ម៉ាថាយ 13:1-23 គខប

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។ មាន​មហា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​ឲ្យ​ដុះ​ឡើយ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ! »។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ ព្រះអង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះអង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។ អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖ “អ្នក​រាល់​គ្នា​ស្ដាប់​មែន តែ​ពុំ​ឮ​ទេ ហើយ​ក៏​ពុំ​យល់​ផង។ អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ ដ្បិត​ចិត្ត​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​ជា” ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មាន​ព្យាការី និង​មនុស្ស​សុចរិត*​ជា​ច្រើន មាន​បំណង​ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ​ទេ គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ!។ ដូច្នេះ សុំ​ស្ដាប់​អត្ថ‌ន័យ​នៃ​ប្រស្នា​អំពី​អ្នក​ព្រោះ​ស្រូវ​ដូច​ត​ទៅ: អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ* តែ​មិន​យល់ ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ ប៉ុន្តែ គេ​ពុំ​បាន​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។ អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ប៉ុន្តែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជី‌ជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​យល់ គេ​បង្ក​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប»។