ម៉ាថាយ 11:1-15

ម៉ាថាយ 11:1-15 គខប

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដែ‌ផ្ដាំ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន នៅ​តាម​ភូមិ​នានា។ ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រិស្ត*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។ បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ” ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។ តាំង​ពី​ជំនាន់​លោក​យ៉ូហាន‌បាទីស្ដ​មក​ទល់​សព្វ​ថ្ងៃ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះ‌រាជ្យ​នេះ​ផង។ តាំង​ពី​ដើម​រហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​ក្រឹត្យ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។ ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។ អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!