ម៉ាឡាគី 1:3-8

ម៉ាឡាគី 1:3-8 គខប

គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។ ប្រសិន​បើ​អេដុម​ពោល​ថា “ពួក​យើង​នឹង​សង់​ស្រុក ដែល​វិនាស​នេះ​ឡើង​វិញ!” ឲ្យ​ពួក​គេ​សង់​ទៅ! យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។ គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត” “ប្រជា‌ជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្តែង​មហិទ្ធិ‌ឫទ្ធិ ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។ «ធម្មតា កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​បិតា​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​បិតា? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​បូជា‌ចារ្យ​វិញ អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ ព្រះ‌នាម​របស់​ព្រះអង្គ​ត្រង់​ណា?”។ អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សៅហ្មង ត្រង់​ណា?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ! ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់ មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន ទេសា‌ភិបាល​របស់​អ្នក តើ​គាត់​សុខ​ចិត្ត​ទទួល​យក ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។