ប្រមាណជាប្រាំបីថ្ងៃក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ លោកពេត្រុស និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ កាលលោកម៉ូសេ និងព្យាការីអេលីយ៉ា កំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យសិស្សភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ សិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។ នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។ មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាស្រែក រើបម្រះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ វិញ្ញាណអាក្រក់ក៏ចេញទៅ ទុកឲ្យកូនខ្ញុំប្របាទនៅគ្រាំគ្រា។ ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវា ធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះឲ្យជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។ មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្តែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ ខណៈនោះ ពួកសិស្ស*ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេនរណាធំជាងគេ។ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរព្រះអង្គ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
អាន លូកា 9
ស្ដាប់នូវ លូកា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 9:28-48
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ