ព្រះយេស៊ូត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមកជួបជុំគ្នា ហើយព្រះអង្គប្រទានឫទ្ធានុភាព ប្រទានអំណាចឲ្យគេបណ្ដេញអារក្សទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។ ព្រះអង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។ ពួកសិស្ស*នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ* និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យជាផង។ កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ”។ អ្នកខ្លះទៀតនិយាយថា“ព្យាការី*អេលីយ៉ាបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ”។ រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឲ្យគេកាត់កយ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
អាន លូកា 9
ស្ដាប់នូវ លូកា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 9:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ