លូកា 9:1-9
លូកា 9:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមកជួបជុំគ្នា ហើយព្រះអង្គប្រទានឫទ្ធានុភាព ប្រទានអំណាចឲ្យគេបណ្ដេញអារក្សទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។ ព្រះអង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។ ពួកសិស្ស*នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ* និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យជាផង។ កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ”។ អ្នកខ្លះទៀតនិយាយថា“ព្យាការី*អេលីយ៉ាបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ”។ រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឲ្យគេកាត់កយ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
លូកា 9:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេស៊ូវបានហៅអ្នកទាំងដប់ពីរមក ហើយក៏ប្រទានឲ្យគេមានព្រះចេស្តា និងអំណាចលើអស់ទាំងអារក្ស ហើយអាចមើលជំងឺឲ្យជា ព្រះអង្គបានចាត់គេឲ្យទៅប្រកាសប្រាប់អំពីព្រះរាជ្យរបស់ព្រះ ហើយមើលអ្នកជំងឺឲ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលប្រាប់ថា៖ «កុំយកអ្វីទៅតាមផ្លូវឡើយ ទោះជាដំបង ថង់យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវពីរដែរ។ បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ។ បើអ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ ចូរចេញពីភូមិនោះទៅ ហើយរលាស់ធូលីដីពីជើងអ្នកចេញ ទុកជាបន្ទាល់ទាស់នឹងគេវិញ»។ ពួកគេក៏បានចាកចេញ ទៅសព្វភូមិទាំងអស់ ព្រមទាំងផ្សាយដំណឹងល្អ ហើយមើលអ្នកជំងឺឲ្យជានៅគ្រប់កន្លែងដែរ។ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលព្រះអង្គធ្វើទាំងប៉ុន្មាន ក៏មានព្រះហឫទ័យអល់អែក ព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញហើយ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណបានរស់ឡើងវិញ។ ព្រះបាទហេរ៉ូឌមានរាជឱង្ការថា៖ «យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកដែលយើងឮថា បានធ្វើការអស្ចារ្យទាំងនេះ ជាអ្នកណា?» ហើយព្រះបាទហេរ៉ូឌក៏ចង់ឃើញព្រះអង្គដែរ។
លូកា 9:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់បានហៅពួកសិស្សទាំង១២នាក់មក នោះក៏ប្រទានឲ្យគេមានព្រះចេស្តា នឹងអំណាចលើអស់ទាំងអារក្ស ហើយឲ្យអាចមើលជំងឺឲ្យជា ទ្រង់ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរព្រះ ហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង ទ្រង់មានបន្ទូលប្រាប់ថា កុំឲ្យយកអ្វីសំរាប់តាមផ្លូវឡើយ ទោះជាដំបង យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវ២ដែរ បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ ឯអស់អ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ នោះចូរចេញពីភូមិនោះទៅ ហើយរលាស់ទាំងធូលីដីពីជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ កាលគេចេញទៅ នោះក៏ដើរទៅសព្វពេញអស់ទាំងភូមិ ព្រមទាំងផ្សាយដំណឹងល្អ ហើយបានមើលគេឲ្យជានៅគ្រប់កន្លែងដែរ។ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលទ្រង់ធ្វើទាំងប៉ុន្មាន ក៏មានព្រះទ័យអល់អែក ពីព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញដូច្នេះ តែហេរ៉ូឌមានបន្ទូលថា យើងបានកាត់ក្បាលយ៉ូហានហើយ ដូច្នេះ តើអ្នកណាហ្ន៎ ដែលអញឮថា ធ្វើការប្លែកទាំងម៉្លេះនេះ ហើយក៏រកចង់ឃើញទ្រង់។