លូកា 8:22-39

លូកា 8:22-39 គខប

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះអង្គ។ ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។ ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សិស្ស​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។ ព្រះ‌យេស៊ូ និង​សិស្ស* បាន​មក​ដល់​ក្រុង​គេរ៉ា‌ស៊ីន​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលី‌ឡេ។ កាល​ព្រះអង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះអង្គ។ គាត់​មាន​អារក្ស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។ ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។ វិញ្ញាណ​អាក្រក់​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់​ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។ អារក្ស​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះអង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។ អារក្ស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។ ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។ មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​អារក្ស​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះអង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះអង្គ។ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​អារក្ស​ចូល​នោះ​ឲ្យ​ជា។ អ្នក​ស្រុក​នៅ​តំបន់​គេរ៉ា‌ស៊ីន​ទាំង​អស់​អង្វរ​ព្រះ‌យេស៊ូ ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។ បុរស​ដែល​អារក្ស​ចូល​ពី​មុន​នោះ​បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 8:22-39

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ